(កំពត)៖ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត ចំនួន ១៩ (មានលេខរៀងចាប់ពី ៦៨ ដល់លេខរៀងទី ៨៦) ជូនដល់ប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ៣២៣គ្រួសារ ស្មើនឹងមនុស្ស ១,៦១៥នាក់ រស់នៅក្នុងឃុំចំនួន ៨ ស្រុកចំនួន ៥ នៃខេត្តកំពត ដែលពិធីនេះធ្វើនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តស្ទឹងកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក និងលោក ចាន់ ជេស្តា ប្រធានកិត្តិយសសាខាកក្រកខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រី-យុវជនកក្រក និងប្រជាពលរដ្ឋចូលរួមអបអរសាទរក្នុងពិធីនោះផងដែរ ។
ក្នុងនាមកាកបាទក្រហមកម្ពុជា លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកជូនចំពោះប្រជាពលរដ្ឋ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ចូលរួមលុបបំបាត់គ្រឿងញៀន និងអំពើហិង្សានានា ដើម្បីលើកកម្ពស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ជាមួយគ្នានេះ សូមចូលរួមថែរក្សា ការពារ អណ្តូងទឹកទាំងនេះ រក្សាទុកជាផលប្រយោជន៍រួមគ្នាសម្រាប់សហគមន៍ឱ្យបានគង់វង្សយូរអង្វែង។
អំណោយដែលត្រូវចែកជូនក្នុងម្នាក់ៗ ទទួលបាន សារុង ១ ក្រមា ១ និងថវិកា ១ម៉ឺនរៀល ប្រជាពលរដ្ឋប្រមាណ ២០០នាក់ ដែលមកចូលរួមបានសំដែងនូវក្តីរំភើបរីករាយដោយបានការយកចិត្តទុកដាក់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ហើយដែលពួកគាត់មិនពិបាកទៅរែកទឹកនៅឆ្ងាយផ្ទះដូចមុនទៀតឡើយ។
បន្ទាប់ពីពិធីប្រគល់អណ្ដូងរួច ក្រុមការងារកាកបាទក្រហមកម្ពុជា បានបន្តចុះសួរសុខទុក្ខ និងចែកអំណោយជូនចាស់ជរាឥតទីពឹងចំនួន ១២គ្រួសារ រស់នៅភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ទៀតផង។
សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ ២០១០ មក កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹកបានសរុបចំនួនរាប់ពាន់អណ្ដូង ហើយបាន និងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត។
ដោយឡែក សម្រាប់ខេត្តកំពត ទទួលបានអណ្តូងសរុបចំនួន ៨៦អណ្តូង។ សម្រាប់ឆ្នាំ ២០១៧ នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន ២៦៧អណ្តូង និងស្រះចំនួន ២ នៅតាមបណ្ដាខេត្តចំនួន ៩ ក្នុងនោះខេត្តកំពតទទួលបានអណ្ដូងចំនួន ១៩ ផងដែរ ៕