(ភ្នំពេញ)៖ សេចក្តីព្រៀង កម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឱនភាពដីកម្ពុជា សម្រាប់ឆ្នាំ ២០១៧-២០២៦ ដែលរៀបចំដោយក្រសួងកសិកម្ម ពុំត្រូវបានគណៈរដ្ឋមន្រ្តី អនុម័តនោះទេ ហើយរាជរដ្ឋាភិបាល បានសម្រេចឱ្យក្រសួងកសិកម្ម រៀបចំកែសម្រួលខ្លឹមសារ និងចំណងជើងនៃសេចក្តីព្រៀងកម្មវិធីនេះឡើងវិញ។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ការសម្រេចច្រានចោលសេចក្តីព្រៀងកម្មវិធីខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយពិភាក្សាលើរបៀបវារៈចំនួន៣រួមមាន៖
១៖ សេចក្តីព្រៀងកម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឱនភាពដី ឆ្នាំ២០១៧-២០២៦។
២៖ សេចក្តីព្រៀងរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០១៥។
៣៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញតិ្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្ម
បើតាម លោក ផៃ ស៊ីផាន បានលើកឡើងថា កម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឱនភាពដី ឆ្នាំ២០១៧-២០២៦ ត្រូវបានរៀបចំឡើង ដោយមានគោលបំណងសំខាន់ ដើម្បីរួមចំណែកទប់ស្កាត់ និងដោះស្រាយបញ្ហាឱនភាពដី សំដៅថែរក្សាធនធាន បង្កើនផលិតភាពដី លុបបំបាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិ ដោយនិរន្តភាព ព្រមទាំងអនុត្តកាតព្វកិច្ច ក្នុងអនុសញ្ញាសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម/ឱនភាពដី (United nation Convention to Combat Desertification/ land Degradation –UNCC) ជាពិសេសសម្រាប់ធ្វើឲ្យសម្រេចនូវ «ភាពគ្មានកំណើនឱនភាពដី (Land Degradation Neutratlity)» ត្រឹមឆ្នាំ ២០៣០ ស្របតាមការសម្រេចរបស់កិច្ចប្រជុំថ្នាក់កំពូលស្តីពីអភិវឌ្ឍដោយនិរន្តភាព (Summit on Sustainable Development ) និង ការសម្រេចរបស់សន្និបាតទី១២ នៃភាគីអនុសញ្ញា ដែលបានប្រព្រឹត្តទៅនៅឆ្នាំ២០១៥៕