(កែប)៖ ក្នុងកិច្ចប្រជុំលើកចុងក្រោយ នៃគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅខេត្តកែប នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លោក ថោង ខុ​ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ពង្រឹងគុណភាពទំនិញ និងសេវាកម្ម​របស់ខ្លួន និងសូមកុំដំឡើងថ្លៃហួសហេតុពេក ដើម្បីសម្រួលដល់ការចំណាយរបស់ភ្ញៀវ និងដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម សម្រាប់ពេលទៅមុខទៀត។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៦ (ជុំទី២) នៅខេត្តកែប នឹងឈានចូលមកដល់នាថ្ងៃទី២២ ខែធ្នូ ស្អែកនេះហើយ ហើយនឹងបញ្ចប់នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ។ ពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ»។ អ្វីដែលពិសេសជាងនេះទៀត ពិធីបើកដំណើរការជាផ្លូវការនៃព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ។

លោក ថោង ខុន បានថ្លែងអះអាងថា រាល់កិច្ចការទាំងអស់ដែលបម្រើឲ្យពិធីបុណ្យសមុទ្រនេះ ត្រូវបានរៀបចំរួចរាល់អស់ហើយ ពុំមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។

​លោករដ្ឋមន្ត្រីក៏បានរម្លឹកឡើងវិញដែរ អំពីកម្មវិធីសំខាន់ៗតាមលំដាប់លំដោយ នៃព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តកែប ឆ្នាំ២០១៧នេះ ដោយលោកបញ្ជាក់ថា តាមកម្មវិធីនៅថ្ងៃទី២១ ខែធ្នូ ជាថ្ងៃដែលគណៈកម្មការចុះពិនិត្យចុងក្រោយ ដើម្បីសម្រិតសម្រាំងឲ្យបានកាន់តែល្អបន្ថែមទៀត ហើយក៏មានកម្មវិធីសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពីឆ្នេរសមុទ្របៃតង និងពិធីដាំដើមឈើ រួមទាំងពិធីក្រុងពាលី។ ចំណែកថ្ងៃទី២២ ខែធ្នូ គឺជាថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រ លុះដល់ថ្ងៃទី២៣ ជាថ្ងៃបើកជាផ្លូវការនៃព្រឹត្តិការណ៍នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

​លោក ថោង ខុន បានបន្ថែមថា យុទ្ធនាបរិស្ថានអនាម័យ ក្រោមប្រធានបទ «បញ្ឈប់ការមិនបោះក្រដាសចោលក្រោមតុ នៅតាមភោជនីយដ្ឋាន» ដែលចាប់ផ្តើមពីព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តកែប ដើម្បីឈានទៅអនុវត្តក្នុងទូទាំងប្រទេសតែម្តង ហើយទាំងអស់គ្នាបានប្តេជ្ញាចិត្តថា នឹងធ្វើកិច្ចការនេះឲ្យបាន ដើម្បីយកខេត្តកែបជាខេត្តគំរូ។

សូមជ​ម្រាបថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំខាងលើ លោករដ្ឋមន្ត្រីក៏បានដឹកនាំគណៈកម្មការប្រារព្ធពិធីក្រុងពិលី នាថ្ងៃដដែលនេះផងដែរ៕