(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានថ្លែងថា ក្រុមការងាររបស់អាជ្ញាធរមីន នឹងចុះទៅសួរសុខទុក្ខ អ្នកគ្រូ និងសិស្សានុសិស្ស និងពិនិត្យកន្លែងកើតហេតុ ដើម្បីការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ឲ្យអស់ពីបរិវេណ សាលាបឋមសិក្សាសម្តេច ហ៊ុន សែន អន្លុងវែង ក្នុងខេត្តឧត្តរមានជ័យ នៅពេលឆាប់ៗខាងមុខនេះ ក្រោយមានករណីផ្ទុះគ្រាប់ M60 បណ្តាលឱ្យគ្រូ និងសិស្ស៤នាក់រងរបួស។
លោក លី ធុជ បានថ្លែងអំណរគុណចំពោះ លោកអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានភីម៉ាក់ខេត្ត ដែលបានចុះជួយអន្តរាគន៍ និងសួរសុខទុក្ខដល់ជនរងគ្រោះទាំង៤នាក់ពីការផ្ទុះគ្រាប់ ។
សូមបញ្ជាក់ថា នៅល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីផ្ទុះគ្រាប់ M60 មួយគ្រាប់នៅ បរិវេណ សាលាបឋមសិក្សាសម្តេច ហ៊ុន សែន អន្លុងវែង បណ្តាលអ្នកគ្រូ និងសិស្សានុសិស្ស៤រូប រងរបួស ខណៈកំពុងធ្វើការបោសសម្អាត និងដុតសម្រាមក្នុងទីធ្លាសាលារៀននេះ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីហេតុការណ៍ខាងលើ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានចុះទៅសួរសុខទុក្ខផ្ទាល់ ដល់ជនរងគ្រោះ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យផងដែ៕