(ភ្នំពេញ)៖ ជាការពិតណាស់ ការតស៊ូក្នុងជីវិត ជាពិសេសការជួយដល់សង្គមជាតិច្រើន តាមរយៈកាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យ គន្ធបុប្ផា បានធ្វើឲ្យតារាសម្ដែង និងជាតារាចម្រៀង មានអតីតជីវិតក្រក្សត្រម្នាក់ គឺលោក ឡេង ណាវ៉ាត់ត្រា ត្រូវបានទទួលការតបស្នងយ៉ាងពិសេស ពីថ្នាក់ដឹកនាំ ជាពិសេសការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ពីព្រះមហាក្សត្រ ព្រះបាទបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទាន គោរម្យងារ ជាឧកញ៉ា ជូនដល់តារាសម្ដែង និងជាចាងហ្វាងផលិតកម្ម Galaxy រូបនេះ។
លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy និងជាតារាសម្ដែងផងនោះ បានអះអាងថា លោកពិតជាត្រូវបានស្នើឲ្យឡើងជាឧកញ៉ា ប្រាកដមែន ប៉ុន្តែមិនទាន់ច្បាស់ថា នឹងធ្លាក់លិខិតប្រកាសនោះ ក្នុងពេលណានោះទេ។ យ៉ាងណាមិញ សម្រាប់ថ្នាក់ៗដែលបានមើលឃើញ ពីសកម្មភាពរបស់លោក បានទទួលស្គាល់ពីការតែងតាំងនោះរួចអស់ហើយ បន្ទាប់ពីលោកបានរួមចំណែក ជួយដល់សង្គមនាមួយរយៈចុងក្រោយ ដែលរួមមានជួយសមាគមសិល្បករខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់កាកបាទក្រហមកម្ពុជា ជាដើម។ ទោះជាលោកមានឈ្មោះថា «ជាឧកញ៉ា» តែលោកមិនបោះបង់ការងារជាតារាចម្រៀងនោះទេ ដោយលោកនឹងនៅតែបន្តបញ្ចេញបទចម្រៀង នៅក្នុងផលិតកម្ម Galaxy ជាហូរហែ ដោយក្នុងពេលខាងមុខ លោកក៏នឹងត្រឡប់មកផលិតភាពយន្តជាថ្មីផងដែរ បន្ទាប់ពីបានផលិតរឿង «កំពូលល្ងង់នៅអាស៊ី» ទទួលបានជោគជ័យ។
ចាងហ្វាងផលិតកម្ម Galaxy ដដែល បានបន្តថា សប្បាយចិត្តដែលការប្រឹងប្រែង នាពេលកន្លងហុចផលវិជ្ជមាន ប៉ុន្តែលោកនៅតែប្រកាសថា បើទោះជាបានឡើងតំណែងខ្ពស់ ផុតពីតារាសិល្បៈយ៉ាងណាក៏ដោយ ក៏លោកនៅតែយល់ថា ខ្លួនឯងជាតារាសិល្បៈយ៉ាងសាមញ្ញមួយរូប និងនៅតែជាអតីតពលករ ដែលធ្លាប់ហែលឆ្លងនូវការតស៊ូដដែល។ ក្នុងមួយរយៈចុងក្រោយ លោកកាន់តែមមាញឹក នឹងគម្រោងសង់បុរីដាក់លក់ តែលោកមិនភ្លេចជួយសង្គម និងបន្តចេញបទចម្រៀង នៅក្នុងផលិតកម្មនោះទេ ដើម្បីរួមចំណែកលើកស្ទួយវិស័យចម្រៀង ឲ្យមានបទចម្រៀង ជាស្នាដៃកូនខ្មែរ។
សូមបញ្ជាក់ថា យោងតាមការប្រកាសរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី នៅក្នុងកម្មវិធីខួប១០ឆ្នាំ នៃប្រព័ន្ធអនុញាតិ EPS បានទទួលស្គាល់លោក ឡេង ណាវ៉ាត់ត្រា ដែលជាតារាចម្រៀង និងជាអតីតពលករ នៅក្នុងប្រទេសកូរ៉េ បានក្លាយជាឧកញ៉ាហើយ ដោយលោកបានទាំងអបអរដល់តារាចម្រៀងរូបនេះ និងថា លោកជាតារាសិល្បៈវ័យក្មេងមួយរូប ដែលបានវិវត្តន៍ខ្លួន ក្លាយជាអ្នកជំនួន និងក្លាយជាឧកញ៉ា តាមរយៈការរួមចំណែកជួយដល់សង្គមនោះផង។
ការប្រកាសរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឲ្យម្នាក់ៗភ្ញាក់ព្រឺតយ៉ាងខ្លាំង ក្នុងពេលដែលពេលកន្លងមក គេដឹងត្រឹមតែលោក ឡេង ណាវ៉ាត់ត្រា គ្រាន់តែមានសំណង់បុរីផ្ទះល្វែង និងវីឡាកូនកាត់ អមដោយមុខជំនួញពុះដីឡូតិ៍លក់ និងមានការរួមចំណែក ជួយដល់សង្គមជាច្រើន តែមិនបានដឹងថាលោកបានងារជាឧកញ៉ា ដែលនឹងប្រកាសឡើង ដោយព្រះមហាក្សត្រនោះឡើយ។ ប្រភពផ្លូវការបានអះអាងថា គោរមងាររបស់លោកនឹងធ្លាក់ជាផ្លូវការ ក្នុងពេលឆាប់ៗ អ៊ីចឹងហើយទើបអ្នកមុខអ្នកការ ដែលបានដឹងពីគម្រោង នៃការប្រកាសនោះបានហៅលោកថា «លោកឧកញ៉ា» រួចជាស្រេច ជាពិសេសគឺការប្រកាសរបស់លោក ហ៊ុន ម៉ាណែត តែម្ដង។ លោកគឺជាអ្នកសិល្បៈទី២ ដែលបានទទួលងារជាលោកឧកញ៉ា បន្ទាប់ពីតារាកំប្លែងនាយឃ្លោក ដែលមានគុណបំណាច់ជាច្រើន ក្នុងការរួមចំណែកជួយដល់សង្គម ក៏បានទទួលគោរមងារមួយនេះ ផងដែរ។
សូមរំឭកថា កាលពីពេលកន្លងទៅថ្មីៗនេះ លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy បានឧបត្ថម្ភថវិកាសរុបប្រមាណ១៥០លានរៀល ក្នុងនោះ ជួយដល់កាកបាទក្រហមកម្ពុជា នូវទឹកប្រាក់ប្រមាណ១០០លានរៀល និងមន្ទីរពេទ្យ «គន្ធបុប្ផា» ប្រមាណ៥០លានរៀល ដោយពិធីប្រកាសជាផ្លូវការនូវ ការជួយឧបត្ថម្ភថវិកានេះ មានការចូលរួមជាសាក្សី ពីសំណាក់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ និងប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ប្រចាំខណ្ឌពោធិសែនជ័យ, លោក ឌួង អេលីត ប្រធានពិធីការនៃកាកបាទក្រហមកម្ពុជា ព្រមទាំងអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងលោក ហេង ឡុង ជាស្វាមី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ទៀតផងដែរ៕