(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធីសិក្សាបន្ថែម ស្តីអំពី «ការអប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់» ជូនដល់សិស្សថ្នាក់ទី១១ ទាំង១៨សាខា ចំនួន ១.៥៣២នាក់។ កម្មវិធីសិក្សាអប់រំនេះ បានធ្វើបទបង្ហាញដោយ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា បច្ចុប្បន្ននេះ សាលាប៊ែលធីអន្តរជាតិ មាន២១សាខា ក្នុងនោះ ១៨សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ជាង៣៥.០០០នាក់។ សាលាក៏បានបង្កើតកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន៨ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស រួមមាន៖ ទី១៖ កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២៖ កម្មវិធីពង្រឹងស្មារតី ទី៣៖ កម្មវិធី ទស្សនកិច្ចសិក្សា ទី៤៖កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥៖កម្មវិធីប្រឡងសំណេរ ទី៦៖កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧៖កម្មវិធីប្រកួតប្រជែង ទេពកោសល្យ និងទី៨៖កម្មវិធីកីឡា ហើយក្នុងឆ្នាំសិក្សានេះ សាលាកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ សាលាក៏បានបន្តបើកថ្នាក់បំប៉នបន្ថែម និងថ្នាក់ពិសេស សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ផងដែរ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានធ្វើបទបង្ហាញ ៩ចំណុចសំខាន់ៗ ដូចជា៖ ១- អ្វីជាគ្រឿងញៀន? ២- ការចែកប្រភេទ នៃគ្រឿងញៀន តាមខ្លឹមសារច្បាប់ ៣- ការចែកប្រភេទ នៃគ្រឿងញៀន តាមឥទ្ធិពល ៤- ប្រវត្តិនៃការផលិតគ្រឿងញៀន ៥- តំបន់ផលិតគ្រឿងញៀន ៦- ការដឹកជញ្ជូន និងចរាចរគ្រឿងញៀន ៧- ផលប៉ះពាល់ នៃគ្រឿងញៀន ៨-ការព្យាបាលបឋម និង៩- ការទៅរកសេវាបន្សាបគ្រឿងញៀន ។
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់សិស្សានុសិស្សទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបន្ថែមនេះ មិនត្រូវសេពគ្រឿងញៀន ត្រូវចៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។
លោកស្រីក៏បានផ្តាំផ្ញើដល់សិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ឲ្យក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ និងដើម្បីធ្វើជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិទៅអនាគត៕