(ភ្នំពេញ)៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយស «The Grand Cordon of the Order of the Rising Sun» ជូនកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិករដ្ឋសភា នៃកម្ពុជា អតីតឧបនាយករដ្ឋមន្ត្រីប្រចាំការ និងអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃកម្ពុជា អតីតអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ក្នុងពិធីនេះ ក៏មានការចូលរួម ពីលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ព្រមទាំងតំណាងពីវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ជាច្រើនរូប កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

ឥស្សរជន ដែលជាសហលាភីរបស់កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ទាំងនោះ មានឥស្សរជនដ៏ឆ្នើមរបស់ជប៉ុន ដូចជា លោក Wataru Aso អតីតអភិបាលខេត្ត Fukuoka និងឥស្សរជន ដែលជាអតីតថ្នាក់ដឹកនាំ នៃប្រទេសនានា លើសាកលលោក ដូចជាលោក Jean-Marc Ayrault អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំង និងលោកជំទាវ Helen Clark អតីតនាយករដ្ឋមន្ត្រីនៃប្រទេសណូវែលហ្សេឡង់ជាដើម។

លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសំដែងនូវអំណរសាទរយ៉ាងក្លៀវក្លា ចំពោះកិត្តិសេដ្ឋាបណ្ដិត គាត ឈន់ ដែលទទួលបានគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមបំផុត ពីប្រទេសជប៉ុន ដើម្បីជាការទទួលស្គាល់នូវការចូលរួមវិភាគទានរបស់កិត្តិសេដ្ឋាបណ្ឌិត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន។ ឯកអគ្គរដ្ឋទូតជប៉ុន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន និងបានសម្តែងជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងនេះនឹងបន្តពង្រឹងនិងពង្រីកថែមទៀត។

កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានសម្តែងមនោសញ្ចេតនារំភើបរីករាយជាអនេក ដែលបានទទួលនូវគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមបំផុតនេះ ដែលជាការសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន របស់ព្រះចៅអធិរាជ Akihito តាមសំណើនៃរដ្ឋាភិបាលជប៉ុន។ កិត្តិសេដ្ឋាបណ្ឌិត បានសូមសម្តែងគារវកិច្ចយ៉ាងខ្ពង់ខ្ពស់បំផុត និងសូមក្រាបបង្គំទូលថ្វាយ នូវពរសព្ទសាធុការដ៏មហាប្រសើរ ថ្វាយចំពោះ ព្រះចៅអធិរាជ Akihito ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មាយុរបស់ព្រះអង្គ។

កិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា គ្រឿងឥស្សរិយយសដ៏វិសេសវិសាលដែលកិត្តិសេដ្ឋាបណ្ឌិត បានទទួលមកនេះ កាត់មិនដាច់ពីតួអង្គទាំងឡាយ ទាំង ជប៉ុន និងកម្ពុជា ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលជប៉ុន និងសូមសំដែងនូវមូលវិចារណ៍ដ៏ថ្លៃថ្លា ចំពោះភ្នាក់ងារទាំងឡាយ របស់រដ្ឋាភិបាលជប៉ុន ផ្នែកឯកជន ទាំងវិនិយោគិន ទាំងធុរជន និងអង្គការមិនមែនរដ្ឋាភិបាល ទាំងនៅទីក្រុងតូក្យូ ទាំងនៅលើទីលានប្រតិបត្តិការ ជាក់ស្តែងនៅកម្ពុជា ដែលជានិច្ចកាលមាននយោបាយ និងអនុវត្តនយោបាយ មិត្តភាព និងសហប្រតិបត្តិការ ធ្វើឲ្យកម្ពុជាបានរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ កិត្តិសេដ្ឋាបណ្ឌិត ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះតួអង្គទាំងឡាយនៃកម្ពុជា ដែលបានរួមចំណែកធ្វើឱ្យមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងជប៉ុន និងកម្ពុជាកាន់តែប្រសើរឡើង និងឈានឡើងជានិច្ច។

កិត្តិសេដ្ឋាបណ្ឌិត បានសំដែងនូវជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងនៃប្រទេសយើងទាំងពីរដែលឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រកាន់តែសិ្នតថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្ពុជាផង សម្រាប់ជប៉ុនផង ព្រមទាំងដល់តំបន់និងពិភពលោកផង។

ព្រមជាមួយគ្នានោះ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសំដែងនូវអំណរសាទរយ៉ាងក្លៀវក្លា ជូនចំពោះកិត្តិសេដ្ឋាបណ្ឌិត ដែលទទួលបានគ្រឿងឥស្ស-រិយយសដ៏ឧត្តុង្គឧត្តមបំផុត ពីប្រទេសជប៉ុន ហើយក៏បានរំលឹកអំពីអនុស្សាវរីយ៍ ដែលបានបំពេញភារកិច្ចជាមួយកិត្តិសេដ្ឋាបណ្ឌិតជាងពីរទសវត្សរ៍កន្លងមក ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដ៏ត្រចះត្រចង់ ជាមួយប្រទេសជប៉ុន ក្នុងក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយ នយោបាយនានា និងអគ្គមគ្គទេសភាពដ៏ឧត្តុង្គឧត្តម របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងតែងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយជប៉ុន៕