(ភ្នំពេញ)៖ និស្សិត និងបុគ្គលិកក្រុមហ៊ុន ប្រមាណជាង៣០០នាក់ បានចូលរួមក្នុងសិក្ខាសាលាស្តីអំពីការងារ ក្នុងមុខជំនាញវិស្វករ ដែលរៀបចំឡើងដោយ សភាពាណិជ្ជកម្មអឺរ៉ុប (Euro-Cham) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមការផ្តួចផ្តើមរបស់ទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំង (AUF) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងបង្ហាញនូវការវិវត្តន៍ នៃវិស័យឯកជន លក្ខខណ្ឌការងាររបស់ក្រុមហ៊ុននានា នៅក្នុងសភាពាណិជ្ជកម្មអឺរ៉ុប និងឱកាសការងារ ឬកម្មសិក្សា និងការចែករំលែកនូវបទពិសោធន៍ការងារ នៃបុគ្គលិកឆ្នើមនិងសហគ្រិននានា ក្នុងការតម្រង់ទិសក្នុងអាជីពការងារដល់និស្សិត ដែលនឹងបញ្ចប់ការសិក្សានាពេលខាងមុខ។
ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលានេះ លោកសាស្ត្រាចារ្យ សយ ទី នាយករងទទួលបន្ទុកការិយាល័យសិក្សា នៃវិទ្យាស្ថានបច្ចេកវិទ្យា បានផ្តាំផ្ញើឲ្យនិស្សិតក្តាប់ឲ្យបាននូវឱកាសដ៏ល្អនេះ និងស្វែងយល់អំពីក្រុមហ៊ុន ក៏ដូចជារៀនសូត្រអំពីបទពិសោធន៍របស់រៀមច្បង ដើម្បីធ្វើជាទុនក្នុងការប្រឡូកចូលក្នុងទីផ្សារការងារនាពេលខាងមុខ។
បន្ទាប់មកលោក Djamel ELAKRA ប្រធានគណៈកម្មការធនធានមនុស្ស នៃសភាពាណិជ្ជកម្មអឺរ៉ុប ក៏បានធ្វើការបង្ហាញអំពីសកម្មភាព និងបេសកកម្មនៃសភាពាណិជ្ជកម្មអឺរ៉ុប និងតួនាទីនៃគណៈកម្មការធនធានមនុស្សផ្សារភ្ជាប់នឹងវិស័យអប់រំនៅកម្ពុជា និងបានផ្តល់នាទីឲ្យវាគ្មិន ធ្វើបទបង្ហាញជាបន្តបន្ទាប់។
តំណាងក្រុមហ៊ុនចំនួន៥ ដែលបានចូលរួមធ្វើបទបង្ហាញរួមមាន លោក សេង វិចិត្រ នាយកធនធានមនុស្សនៃក្រុមហ៊ុនកូកាកូឡា, លោកស្រី ណាតាលី រ៉ូឌីយ៉ូណូវ៉ា អគ្គនាយិកាក្រុមហ៊ុន IT Academy STEP, លោក លី ពិសិដ្ឋ ជំនួយការប្រធានបច្ចេកទេសក្រុមហ៊ុន LBL International, លោក យ៉ង់ ធារិទ្ធ អគ្គនាយកក្រុមហ៊ុនGBC Engineers, និងលោក នី ឈុនលៀង ប្រធានគំរោងនៃក្រុមហ៊ុន CominKhmer។
វាគ្មិនភាគច្រើន នៃវិស័យសំណង់ដែលជាអតីតនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្ហាញនូវបទពិសោធន៍ល្អៗដល់ប្អូនៗនិស្សិត និងបង្ហាញនូវឱកាសការងារ និងកម្មសិក្សាសម្រាប់ប្អូនៗ ដែលចង់ធ្វើកម្មសិក្សា និងបម្រើការងារនៅក្នុងក្រុមហ៊ុនរបស់ខ្លួននាពេលអនាគត។
សូមជម្រាបថា នេះលើកទី៥ហើយដែល Euro-Cham រៀបចំកម្មវិធីនេះឡើងជាបន្តបន្ទាប់ ក្រោយពីបានចុះអនុសារណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្ម និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) នាឆ្នាំ២០១៦ ក្នុងគោលបំណងបង្កើននូវការផ្លាស់ប្តូររវាងវិស័យអប់រំបណ្តុះបណ្តាល និងវិស័យឯកជន បង្ហាញនូវទស្សនវិស័យរបស់និយោជក ក្នុងការចូលរួមអភិវឌ្ឍន៍នូវការបណ្តុះ បណ្តាលមួយដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ៕