(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញពិធីសំណេះសំណាល និងជូនដំណើរយុវជនដែលទើបធ្វើការជ្រើសរើសបំពេញក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ អង្គភាពកងពលតូចលេខ១២៨ យោធភូមិភាគទី១ និងជូនដំណើរទៅកាន់សាលាហ្វឹកហ្វឺនពលទាហាន យោធភូមិភាគទី១ ។
លោកឧត្តមសេនីយ៍ត្រី ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បានធ្វើសេចក្តីរាយការណ៍ ពីការអនុវត្តស្តីពីការជ្រើសរើសពលទាហានថ្មី បំពេញក្របខណ្ឌឲ្យអង្គភាពកងពលតូចលេខ១២៨ យោធភូមិភាគទី១ របស់កងឯកភាពតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បានចែកពាក្យ និងទទួលពាក្យពីបេក្ខជនបានចំនួន៣៤៦នាក់ បេក្ខជនបានមកពិនិត្យសុខភាពចំនួន៣១១នាក់ គ្រប់លក្ខណៈសម្បត្តិចំនួន១៧៩ និងបានសម្រេចជ្រើសរើសបញ្ចូលក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទចំនួន ៦៣នាក់ ។
លោក វ៉ី សំណាង បានលើកឡើងថា ក្នុងនាមជាយុវជនកម្ពុជា ដែលជាទំពាំងស្នងប្ញសី្ស ត្រូវមានកាតព្វកិច្ច ក្នុងការបម្រើបុព្វហេតុ ការពារជាតិមាតុភូមិ នូវសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និង ការពារបូរណភាពទឹកដីឲ្យបានស្ថិតស្ថេរគង់វង្ស ជំនួសរៀមច្បងដែលបានចូលនិវត្តន៍ នឹងត្រូវសិក្សារៀនសូត្របទពិសោធន៍ពី ពួកគាត់ទៀតផង ។
លោកអភិបាល ក៏បានបញ្ជាក់ទៀតដែរថា ក្នុងការហ្វឹកហ្វាត់សូមក្មួយៗយកចិត្តទុកដាក់ តស៊ូលត់ដំហ្វឹកហាត់បង្ហូរញើស នៅលើទីលានហ្វឹកហ្វឺន ដើមី្បបានយល់ដឹងអំពីវិន័យសីលធម៌ របស់កងយោធពលខេមរភូមិន្ទ ក្នុងការបង្កើនសមត្ថភាព កម្រឹតយល់ដឹងគ្រប់មុខវិជ្ជា យុទ្ធវិធីរបស់កងទ័ព ដើមី្បរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ ក្លាយជាឆ្អឹងខ្នងដ៏រឹងមាំ ក្នុងបុព្វហេតុការពារជាតិ និង បូរណៈភាពដែនដី ព្រមទាំងអនុវត្តនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល លើគ្រប់វិស័យ ហើយ ការចូលសាលាហ្វឹកហ្វឺន របស់ក្មួយៗនាពេលនេះ និងធ្វើឲ្យពលទាហានយើង បានយល់កាន់តែច្បាស់នូវយុត្តិវិធី យុទ្ធសាស្ត្រ ចិត្តសាស្រ្តរបស់កងទ័ពក្នុងពេលប្រយុទ្ធនៅលើសមរភូមិ ។
លោកអភិបាល ក៏បានថ្លែងអំណរគុណ និង កោតសរសើរ ចំពោះស្មារតីរបស់ក្មួយៗ ស្ម័ត្រចិត្តចូលបម្រើកងទ័ព ដែលបានលះបង់ចាកឆ្ងាយពីឳពុកម្តាយ បងប្អូន ក្រុមគ្រួសារ ញាតិសណ្តាន ព្រមទាំងការលះបង់កូន ប្តីឲ្យបម្រើកងទ័ព ដោយដំកល់ទុកប្រយោជន៍ជាតិ មាតុភូមិជាធំតទៅអនាគត ។
លោកអភិបាល ក៏បានឧបត្ថម្ភលើកទឹកចិត្តជូនដល់យុវជនស្ម័ត្រចិត្តទាំង ៦៣នាក់ ម្នាក់ៗ ក្រមា១ មី១កេស ថវិកា ៥ម៉ឺនរៀល ព្រមទាំងអាហារសាមគ្គីដល់យុវជនស្ម័ត្រចិត្តទាំង ៦៣នាក់ និងក្រុមគ្រួសារ មុននឹងធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺនពលទាហាន យោធភូមិភាគទី១៕