កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់
21-12-2017 15:55
(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យគោលដៅសិប្បកម្មឈើ ស្ថិតនៅក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីស្វែងរកជនបរទេស ជាពិសេសជនជាតិវៀតណាម ដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយ មានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផលនៃប្រតិបត្តិការនេះ ត្រូវបានលោកឧត្តមសេនីយប្រធាននាយកដ្ឋាន បញ្ជាក់ថា បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន៩នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់។ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់នោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕