(ភ្នំពេញ)៖ ប្រទេសកម្ពុជា-វៀតណាម ពេលនេះកំពុងបង្កើនការសាងសង់ បង្គោលព្រំដែន នៅខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់-ដាក់ណុង-ប៊ិនភឿក។ ជាមួយគ្នាកម្ពុជា ក៏កំពុងការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនមួយ នៅតំបន់នេះផងដែរ ដើម្បីអភិវឌ្ឍនៅតាមតំបន់ព្រំដែន។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលបានដឹកនាំគណៈប្រតិភូព្រំដែន រួមនឹងអាជ្ញាធរដែន និងស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែម កម្ពុជា-វៀតណាម និងការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន នៅខេត្តនេះ ថ្មីៗនេះ បានឱ្យដឹងថា ត្រង់តំបន់នេះ កម្ពុជា-វៀតណាម បានបោះបង្គោលព្រំធំចំនួន៧៣% រហូតដល់ពេលនេះ។ ដោយឡែកចំពោះ បង្គោលព្រំដែនបំពេញបន្ថែម ក៏ត្រូវបានសាងសង់ចំនួន ៤៨% ។ នៅសល់៥២% ទៀត ភាគីទាំងពីរ កំពុងបន្តការសាងសង់។
លោកស្រីបានបញ្ជាក់ថា ភាគីកម្ពុជា-វៀតណាម ពេលនេះកំពុងតែបង្កើនសកម្មភាពក្នុងការសាងសង់បង្គោលព្រំដែន នៅតាមបណ្តាខេត្តជាប់ព្រំដែនទាំងអស់ ហើយសម្រាប់ការបោះបង្គោលព្រំដែនធំវិញ ក៏ត្រូវបានបញ្ចប់នៅតំបន់ខ្លះផងដែរ។
ក្នុងឱកាសនោះ លោកស្រី កុយ ពិសី ក៏បានទៅសួរសុខទុក្ខ កងកន្លាំងការពារព្រំដែន និងវរៈការពារព្រំដែន នៅប៉ុស្តិ៍ទ្វេភាគីណាំលៀរ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ដោយបាននាំទៅជាមួយនូវមីយើង ត្រីខកំប៉ុង និងថវិកាមួយចំនួនផងដែរ។
សូមបញ្ជាក់ថា អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ គណៈប្រតិភូព្រំដែនកម្ពុជា បានធ្វើសកម្មភាពជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យមើលការបោះបង្គោលព្រំដែន បំពេញបន្ថែម នៅតាមព្រំដែនកម្ពុជា-វៀតណាម។ រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែនរវៀងកម្ពុជា-វៀតណាម បានរួចរាល់ចំនួនជាង ៨៤ភាគរយហើយក្នុងចំណោមព្រំដែនសរុប៕