(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃនេះ បានជំរុញឲ្យមន្រ្តីជំនាញមូលដ្ឋានខេត្តកំពង់ស្ពឺ បង្កើនសកម្មភាព ប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ កាន់កាប់អចលនទ្រព្យ។

លោក វ៉ី សំណាង បានប្រកាសបែបនេះ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពីការ ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តការប្រមូលពន្ធប្រថាប់ត្រាផ្ទេរសិទ្ធិ កាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីនៅអាជ្ញាធរដែនដីរដ្ឋបាលថ្នាក់ ក្រោមជាតិ ធ្វើឡើងនៅសាលប្រជុំដំរីស សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានបន្តថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីផ្សព្វផ្សាយនូវបទបញ្ញត្តិ ស្តីពីសារពើពន្ធ និងលិខិតបទដ្ឋាននានាដែលពាក់ព័ន្ធ ប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចនទ្រព្យ និងការផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូនព្រមទាំងកិច្ចដំណើរការ និងយន្តការប្រមូលពន្ធសំដៅ ជំរុញឲ្យមានការគាំទ្រ ពង្រឹងកិច្ចសហការ ឲ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរសំដៅបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ និងផ្តល់សេវាជូន ប្រជាពលរដ្ឋដែលជាកម្មសិទ្ធិករ ឬអ្នកកាន់កាប់អចលនទ្រព្យ និងកម្មសិទ្ធិករមធ្យោបាយដឹកជញ្ជូន ឲ្យកាន់តែប្រសើរឡើង។

លោក ជិន គឹមស្រេង ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋានពិសេសថ្នាក់ក្រុង-ខណ្ឌ ខេត្ត-ស្រុក ឃុំ-សង្កាត់ ជួយយកចិត្ត ទុកដាក់ក្នុងការពង្រឹង កិច្ចសហការជាមួយសាខាពន្ធដារខេត្តក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ជំរុញការប្រមូលពន្ធមួយចំនួន ដែលពាក់ព័ន្ធការប្រមូលពន្ធប្រថាប់ត្រាមានពន្ធលើដីធ្លីមិនប្រើប្រាស់ និងពន្ធលើអចលនទ្រព្យដែលពន្ធទាំងពីរនេះមានសក្តានុពលច្រើន ហើយជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ៕