(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងថា ក្នុងឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋបានយករថយន្ដពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) បានចំនួន ២១៦,០០០គ្រឿង មានការធ្លាក់ចុះជាងឆ្នាំ២០១៦ ដែលមានចំនួន ២៣៤,០០០គ្រឿង ការធា្លក់ចុះនេះ ដោយសាររថយន្ដនីមួយៗមិនទាន់ដល់ពេលកំណត់ត្រូវឆៀកតែប៉ុណ្ណោះ។
ក្នុងឱកាសបើកសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាជ្រោយចង្វារ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ដូច្នេះ «បច្ចុប្បន្ននេះ ចំនួនរថយន្ដសរុបមានជិតកន្លះលានគ្រឿងហើយ សម្រាប់ប្រជាពលរដ្ឋយើង បានយករថយន្ដមកឆៀកមានចំនួន ២១៦,០០០គ្រឿង ក្នុងឆ្នាំ២០១៧នេះ ខណៈយើងមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឈៀក) នៅទូទាំងប្រទេស មានចំនួន១៤ទីតាំង ភ្នំពេញ៥មណ្ឌល៖ ក្រុមហ៊ុន CMVIC ៤មណ្ឌល (មណ្ឌលឬស្សីកែវ ចំការដូង បឹងស្នោ សាខាថ្មីនៅខណ្ឌជ្រោយចង្វារ) និងHK Car Inspection ១មណ្ឌល គឺស្ថិតនៅ ផ្លូវម៉ុងឬទ្ធី ។ មណ្ឌលតាមខេត្ដមាន០៩ ទីតាំង៖ ខេត្ដបាត់ដំបង កំពង់ចាម សៀមរាប ព្រះសីហនុ កំពង់ស្ពឺ ខេត្ដរតនៈគីរី ព្រះវិហារ កំពង់ឆ្នាំង និងខេត្ដក្រចេះ។ សម្រាប់រថយន្ដត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័តសរុបចំនួន ០៣គ្រឿង ដែលបានត្រួតពិនិត្យសរុប ១៧,៧៦១ គ្រឿង»។
លោកទេសរដ្ឋមន្ដ្រីបន្ដថា «ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ បន្ដយកយានយន្ដរបស់ខ្លួន ទៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ដ ឲ្យបានទៀងទាត់ ដើម្បីសុវត្ថិភាពខ្លួន គ្រួសារ និងអ្នកដទៃ ពិសេស ជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដោយកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ និងកាកកកស្ទៈចរាចរណ៍, ទប់ស្កាត់យានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេសចូលរួមចំណែកថែទាំហេដ្ឋានរចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ ដោយកំណត់ទម្ងន់ផ្ទុក កាត់បន្ថយបទឧក្រឹដ្ឋយានយន្ដ ដោយការពិនិត្យ ផ្ទៀងផ្ទាត់ភិនភាគរថយន្ដធ្វើការជំរឿនយានយន្ដជាប្រចាំឆ្នាំ និងសន្និដ្ឋានលើចំនួន យានយន្ដឈប់ប្រើ ការចូលរួមចំណែកការពារបរិស្ថាន ដោយបន្ថយការបំភាយជាតិពុលពីផ្សែងផងដែរ» ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនឯកជននានាបង្កើតប្រព័ន្ធអនឡាញ ដើម្បីស្នើសុំសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការចុះបញ្ជីយានយន្ត ការចេញប័ណ្ណបើកបរ និងបានជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយចំណាយក្រៅផ្លូវការ តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានផ្តាំផ្ញើឲ្យមន្ត្រី ផ្តល់សេវាទាំងអស់ត្រូវតាំងខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ធ្វើឲ្យមានតម្លាភាព ធ្វើឲ្យមានប្រសិទ្ធភាព និងចំណាយពេលវេលាកាន់តិច៕