(កែប)៖ ក្នុងសិក្ខាសាលាអបអរសាទរ ពិធីបុណ្យសមុទ្រ លើកទី៦ នៅសាលាខេត្តកែប នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរៀបរាប់សក្តានុពលទេសចរណ៍ ក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៤របស់កម្ពុជា ក្នុងនោះលោកបានបញ្ជាក់ថា ខេត្តកែប ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណិត។
សិក្ខាសាលាអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៦នេះ ក៏មានការចូលរួមពីលោក កែន សត្ថា អភិបាលខេត្តកែប លោកឧកញ៉ា ទ្រី ភាព និងភរិយា រួមទាំងភាគីពាក់ព័ន្ធជាច្រើននាក់ទៀត។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តព្រះសីហនុ ជាគោលដៅទីក្រុងទេសចរណ៍សម្រាកលំហែ និងជាបណ្តុំសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកែប ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណិត ខេត្តកំពត ជាគោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ និងខេត្តកោះកុង ជាគោលដៅអេកូទេសចរណ៍តំបន់ឆ្នេរ។
លោកបានស្នើឲ្យបន្តរួមគ្នាជំរុញ ការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយជាចលករជំរុញកំណើនសេដ្ឋកិច្ចពណ៌ខៀវ គ្រប់គ្រងវិស័យទេសចរណ៍ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ពិសេសការអភិវឌ្ឍទេសចរណ៍សមុទ្រ ដើម្បីទាញយកនូវគុណប្រយោជន៍ពីវិស័យទេសចរណ៍ឱ្យបានជាអតិបរមា និងមានការបែងចែកដោយសមធម៌ ដោយមិនទុកនរណាម្នាក់ចោលនៅពីក្រោយ នៃការអភិវឌ្ឍនោះទេ ដោយត្រូវប្រកាន់ខ្ជាប់នូវអភិក្រម 4P (Public-Private-People-Partnerships) សំដៅធានាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងកិច្ចអភិវឌ្ឍ និងទទួលផលប្រយោជន៍ពីវិស័យទេសចរណ៍ ដែលជាយន្តការមួយស័ក្តិសមក្នុងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ និងបរិស្ថាន នៅតាមតំបន់ឆ្នេរសមុទ្រ។
ម្យ៉ាងទៀត ត្រូវបន្តធានាឱ្យបានថាទំនាក់ទំនងជាវិជ្ជមានរវាងវិស័យទេសចរណ៍ និងឆ្នេរសមុទ្រកម្ពុជា ឆ្ពោះទៅអនាគតកាន់តែបៃតង ហើយលោកក៏លើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ កាសែតនានា បន្តចូលរួមគាំទ្រយុទ្ធនាការ «អប់រំ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ អំពីវិស័យទេសចរណ៍ និងទីក្រុងស្អាត» ឱ្យកាន់តែទូលំទូលាយថែមទៀត ដោយរាប់ទាំងការបង្កើន ការយល់ដឹងអំពីស្តង់ដាបៃតង ក្នុងឧស្សាហកម្មទេសចរណ៍ ស្របតាមទស្សនទាន «សេវាមួយ ស្តង់ដាមួយ» បង្កើតការយល់ដឹងអំពីគុណតម្លៃ នៃអាជីពនៅក្នុងវិស័យទេសចរណ៍ ការយល់ដឹងនៃយុទ្ធនាការ «ភោជនីយដ្ឋានស្អាត គ្មានសម្រាមក្រោមតុ» ការយល់ដឹងអំពីតម្លៃនៃការអនុវត្ត ស្របតាមស្តង់ដាចំណាត់ថ្នាក់ក្នុងឧស្សាហកម្មទេសចរណ៍ ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។ ក្នុងឱកាសនោះ មានការប្រគល់ ស្លាកចំណាត់ថ្នាក់សណ្ឋាគារ ចំនួន៤ ស្លាកផ្ទះស្នាកទីក្រុងនៅខេត្តកែប ចំនួន ២ និងវិពាបនប័្រតជនបង្គោលយុទ្ធនាការ កម្ពុជាស្អាត Cambodia clean up ខេត្តកែប ចំនួន១២០ ផងដែរ។
សូមជម្រាបថា ពិធីបុណ្យសមុទ្រនៅខេត្តកែប នឹងប្រារព្ធឡើងក្រោមប្រធានបទ «សមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ស្អែក រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧៕