(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់បន្ថែមនូវកន្លែងប្ដូរប័ណ្ណបើកបរមួយកន្លែងទៀត នៅផ្សារទំនើបអ៊ីអនម៉លទី២ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីពន្លឿនសេវាកម្មកាន់តែឆាប់រហ័ស ជូនប្រជាពលរដ្ឋ។
ទេសរដ្ឋមន្ដ្រី បានថ្លែងឲ្យដឹង ក្នុងឱកាសបើកសម្ពោធ មណ្ឌលត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានជំនិះ សាខាជ្រោយចង្វារ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះថា «កន្លែងប្ដូរប័ណ្ណបើកបរទីតាំង នៅអ៊ីអ៊នម៉លទី១ ក្រសួងបានប្ដូរប័ណ្ណជូនប្រជាពលរដ្ឋ ចំនួន៤៥,០០០ប័ណ្ណមកហើយ ដោយមិនមានការរអ៊ូរទាំនោះឡើយ ដោយចំណាយពេលតែ១៥នាទីប៉ុណ្ណោះ ហើយយើង នឹងដាក់កន្លែងប្ដូរប័ណ្ណបើកបរ មួយកន្លែងទៀត នៅអ៊ីអ៊នម៉លទី២ ដែលនេះជាសេវាកម្មមួយ ដែលយើងត្រូវធ្វើជូនបងប្អូនប្រជាពលរដ្ឋ ដោយយើងជាមន្ដ្រីរាជការ យើងជាអ្នកបប្រើប្រជាពលរដ្ឋ ដូច្នេះ សូមតាំងខ្លួនជាអ្នកបម្រើ កុំតាំងខ្លួនជាមន្ដ្រីរាជការ កុំតាំងខ្លួនជាចៅហ្វាយរបស់បងប្អូនប្រជាពលរដ្ឋ ហេតុនេះយើងត្រូវតែកែឥរិយាបថរបស់ខ្លួនយើង ពីមន្ដ្រីទៅជាអ្នកបប្រើប្រជាពលរដ្ឋសុទ្ធសាធ»។
ទេសរដ្ឋមន្ដ្រីបន្ដថា «ដូច្នេះយើងជាមន្ដ្រីរាជការ ត្រូវបម្រើបងប្អូនប្រជាពលរដ្ឋ ឲ្យបានលឿន ឲ្យមានតម្លាភាព និងប្រសិទ្ធិភាព គ្រប់សេវាកម្មទាំងអស់ ទាំងការឆៀករថយន្ដ និងកន្លែងប្ដូរប័ណ្ណបើកបរនេះក្ដី ធ្វើយ៉ាងណា ត្រូវតែយកសេវានោះ ឲ្យកាន់តែគៀក បងប្អូនប្រជាពលរដ្ឋយើង»។
ទន្ទឹមនឹងនោះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមមកចុះបញ្ជីតាមប្រព័ន្ធអនឡាញ ទាំងការសើ្នសុំឆៀករថយន្ដ និងការស្នើសុំប័ណ្ណបើកបរ តាមប្រព័ន្ធអនឡាញ ដើម្បីជៀសវាង ការរងចាំ ឬប្រើអ្នករត់ការជំនួស ដោយចំណាយថវិកាក្រៅផ្លូវការ ឬតម្លៃខុសពីច្បាប់ ដែលក្រសួង បានដាក់ចេញមកនោះទេ ៕