(ចិន)៖ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោកស្រី Gao Yan បានសន្យាចំពោះមុខមន្ត្រីជាន់ខ្ពស់កម្ពុជា ទទួលបន្ទុកការងារអភិវឌ្ឍន៍វិស័យកសិកម្មកថានឹងជួយអភិវឌ្ឍន៍វិស័យកសិកម្មរបស់កម្ពុជា ឲ្យកាន់តែល្អប្រសើរ។
ការសន្យានេះ បានធ្វើឡើងក្នុងកិច្ចជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ រវាងឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិម្ម និងជនបទ និងអមដំណើរ ដោយលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីចិន លោកស្រី Gao Yan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនោះភាគីចិន បានសន្យាជួយអភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជារួមមាន៖
* ជួយគាំទ្រគម្រោងនានា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានស្នើសុំហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
* ជួយរៀបចំផែនការមេ ស្តីពីការធ្វើទំនើបកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជបនីកម្មកសិកម្ម ដើម្បីបង្កើនជីវភាពប្រជាជនឆ្លើយតប ទៅនឹងកំណើនសេដ្ឋកិច្ចកម្ពុជា។
* ជំរុញអង្គភាពនាយកដ្ឋានរដ្ឋបាល ត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក ធ្វើការសម្រួល និងពន្លឿនពិធីសារបន្ថែមមុខ ទំនិញផលិតផលកសិកម្មឲ្យច្រើនជាងបច្ចុប្បន្ន។
លើសពីនេះទៅទៀតនោះ ភាគីចិនបានព្រមទទួលយកទៅពិនិត្យ ក្នុងការរៀបចំអនុវត្តពិធីសារអនុស្សារណៈ ស្តីអំពីការនាំចេញទំនិញកសិផលពីកម្ពុជា ទៅកាន់ប្រទេសចិន ដោយអនុគ្រោះពន្ធ ចំនួន៨,០៣០មុខទំនិញ ដែលបានចុះហត្ថលេខា កាលពីខែមិនា ឆ្នាំ២០១៦។
ចិនក៏ជួយគាំទ្រដល់ក្រុមហ៊ុន ហ័រថុងឈីនតាវ អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ស្របតាមគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងធ្វើឲ្យគម្រោងនេះ ក្លាយជាគម្រោងគំរូ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ភាគីទាំង២ ក៏បានឯកភាពលើការជំរុញការហោះហើរ ត្រង់ពីចិនទៅកម្ពុជាឲ្យបានច្រើន ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិន ទៅកាន់កម្ពុជាផងដែរ៕