(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានផ្តាំផ្ញើការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ដល់នាយ និងពលនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារទាំងអស់ ត្រូវថែទាំ និងរក្សាសុខភាពឲ្យបានគ្រប់ៗគ្នា ស្របពេលធាតុអាកាសមានការចុះត្រជាក់ខ្លាំង រយៈពេលប៉ុន្មានថ្ងៃនេះ។
ការផ្តាំផ្ញើបែបនេះ ក្នុងឱកាសដែលលោកតំណាងឲ្យនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្ក គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីនគរបាលជាតិ ចំណុះអធិការនគរបាលស្រុករវៀង និងស្រុកជ័យសែន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល បានថ្លែងបញ្ជាក់ថា «ក្នុងនាមយើងជាអ្នកថែរក្សា ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ កត្តាចាំបាច់យើងត្រូវថែរក្សាសុខភាពយើងឲ្យបានល្អជាមុនសិន ចុះប្រសិនបើសុខភាពយើងមិនល្អ តើយើងមានកម្លាំងឯណា និងថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋបាន? ដែលបញ្ហានេះនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ បានផ្តាំផ្ញើឲ្យមន្ត្រីនគរបាលយើងត្រូវថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អមុន ពិសេសរយៈពេលប៉ុន្មានថ្ងៃនេះ ធាតុអាកាសមានការចុះត្រជាក់ខ្លាំង»។
ជាមួយគ្នានេះដែរ លោក ប៉ែន វិបុល ក៏បានផ្តាំផ្ញើឲ្យនាយ និងពលនគរបាលយើងត្រូវខិតខំបន្ថែមទៀត រក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ពិសេសត្រូវលុបបំបាត់គ្រឿងញៀន ក្មេងទំនើង និងចំណុចជាច្រើនទៀត ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
សូមបញ្ជាក់ថា នៅក្នុងពិធីនោះមានការបំពាកឋានន្តរស័ក្កជូនលោកវរសេនីយ៍ទោ សាយ ដេត អធិការនគរបាលស្រុករវៀង ទៅជាវរសេនីយ៍ឯក ព្រមទាំងបានបំពាក់គ្រឿង ឥស្សរិយយស និងប័ណ្ណសរសើរដល់មន្ត្រីនគរបាលជាច្រើនរូបផងដែរ។ ជាមួយគ្នានេះ លោកអគ្គស្នងការរង បានជូនអំណោយដល់អធិការស្រុករវៀង ស្រុកជ័យសែន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៨ប៉ុស្តិ៍ផងដែរ៕