(ភ្នំពេញ)៖ ប្រទេសកម្ពុជា-វៀតណាម បានបើកកិច្ចសន្ទនានយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្រ្តី ជាលើកទី៣ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្រសួងការពារជាតិកម្ពុជា ដើម្បីជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យ។
កិច្ចសន្ទនានយោបាយនេះ ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និង ភាគីវៀតណាម ដឹកនាំដោយ លោក ង្វៀង ជីវិញ សមាជិកមជ្ឈឹមបក្ស អនុរដ្ឋមន្រ្តី ក្រសួងការពារជាតិវៀតណាម ដែលបានដឹកនាំគណៈប្រតិភូការពារជាតិវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បានឱ្យដឹងថា គោលបំណងនៃកិច្ចសន្ទនានយោបាយការពារជាតិ កម្ពុជា-វៀតណាម គឺជំរុញឲ្យកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យ ទាំងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព ដែលបានអនុវត្តយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពនាពេលកន្លងមក ពិសេសភាគីទាំង២ នឹងបន្ដអនុវត្តឲ្យបានល្អប្រសើរបន្ថែមទៀត នូវអនុស្សារណៈ និងពិធីសារ ស្ដីពីកិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគី រវាងក្រសួងការពារជាតិ នៃប្រទេសទាំង២ កម្ពុជា-វៀតណាម។
កិច្ចសន្ទនានយោបាយការពារជាតិ តែងត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ ដែលជះឥទ្ធិពលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យការពារជាតិ ហើយក្រោយបញ្ចប់កិច្ចសន្ទនានេះ ភាគីទាំងពីរ ក៏នឹងបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការជួយដោះស្រាយបញ្ហាទៅវិញទៅមកផងដែរ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ ក្រសួងការពារជាតិ៕