(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានព្រមានថា កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដែលកំពុងដើរញុះញង់ឱ្យបរទេស ដាក់ទណ្ឌកម្មផ្សេងៗមកលើប្រទេសកម្ពុជានោះ អាចនឹងជាប់ឈ្មោះថា «ក្បត់ជាតិ» ទាំងឪពុកទាំងកូន ដូចទៅនឹង លោក សម រង្ស៊ីដែរ។
ការព្រមានរបស់អ្នកនយោបាយជំនាន់ថ្មីនេះ បានធ្វើឡើងបន្ទាប់ពីកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បាននិងកំពុងធ្វើសកម្មភាព ជំរុញឱ្យសហគមន៍អឺរ៉ុប អាមេរិក រួមទាំងអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជា ក្រោយមានការរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងអំពើក្បត់ជាតិនោះ។
ក្នុងវីដេអូឃ្លីបមួយ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ពេជ្រ ស្រស់ បានលើកឡើងថា ករណីក្បត់ជាតិរបស់លោក កឹម សុខា នឹងចូលជាធរមាន នៅពេលខាងមុខ នៅពេលដែលតុលាការកាត់ទោសជាស្ថាពរ ហើយបន្ទាប់ពីនោះកញ្ញា កឹម មនោវិទ្យា ក៏អាចមានការពាក់ព័ន្ធផងដែរ ពីព្រោះថាអនុប្រធានផ្នែកសាធារណៈរបស់ អតីតគណបក្សសង្រ្គោះជាតិរូបនេះ កំពុងញុះញង់ឱ្យបរទេស ដាក់ទណ្ឌកម្មកម្ពុជា។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភស្តុតាងថ្មីៗរបស់ កឹម មនោវិទ្យា គឺដើរញុះញង់គេបំផ្លាញប្រយោជន៍ជាតិនេះតែម្តង “ក្បត់ជាតិ” កុំឱ្យជាប់ឈ្មោះ ក្បត់ជាតិទាំងឪពុកទាំងកូន !។ មាគ៌ាដែលត្រូវដោះលែងមិនមែនត្រូវពឹងអាមេរិក ឱ្យគេមកដោះលែងទេ ប្រយ័ត្នជាប់ឈ្មោះក្បត់ជាតិទាំងឪពុកទាំងកូន ដូចលោក សម រង្ស៊ី ដែលក្បត់ទាំងលោក សម សារី និងក្បត់ជាតិទាំង លោក សម រង្ស៊ី»។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ទៀតថា កម្ពុជាមិនមានផលប្រយោជន៍ សម្រាប់អាមេរិកនោះទេ ហើយអាមេរិក ក៏នឹងមិនអាចធ្វើអ្វីបានធ្ងន់ធ្ងរមកលើកម្ពុជាដែរ ដូច្នេះមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ កុំមានក្តីសង្ឃឹម និងជឿជាក់ទៅលើអាមេរិកខ្ពស់ពេក ហើយគួរតែមកដោះស្រាយក្នុងរង្វង់ផ្ទៃក្នុងរបស់កម្ពុជាវិញប្រសើរជាង។
លោក ពេជ្រ ស្រស់ ក៏បានស្នើឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិយកគំរូតាម លោក ថាក់ ស៊ីន និង លោកស្រី យីង ឡាក់ ដែលពួកគាត់ទាំងពីរ នៅពេលដែលបាត់បង់តំណែង ក៏មិនបានអំពាវនាវឱ្យប្រទេសដទៃ ដាក់ទណ្ឌកម្មទៅលើប្រទេសថៃនោះដែរ ដោយសារតែគេគិតពីប្រយោជន៍របស់ប្រជាជនរបស់គេ ជាងខ្លួនរបស់ពួកគេ៕