(ភ្នំពេញ)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ពីគោលបំណងរបស់ក្រសួង ក្នុងន័យបំពេញតម្រូវការប្រជាពលរដ្ឋថា នៅត្រឹមដំណាច់ឆ្នាំ២០២៥ខាងមុខ ប្រជាពលរដ្ឋគ្រប់រូប នឹងទទួលបានទឹកស្អាត ដែលមានគុណភាពសុវត្ថិភាព តម្លៃសមរម្យ និងមានចីរភាព ដើម្បីជម្រុញឱ្យឲ្យប្រជាពលរដ្ឋនៅទីប្រជុំជន៩០% ទទួលបានសេវាទឹកស្អាតពីបំពង់ និង១០% ទទួលបានទឹកស្អាតពីប្រភពផ្សេងទៀត។
ការថ្លែងបែបនេះរបស់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយស្តីអំពី «ទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លើកទី១០» នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសណ្ឋាគារអ៊ីនធើខន ដោយមានការចូលរួមពី Horinouchi Hidehisa ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការពីក្រសួងសាធារណការ និងដឹកជញ្ជូន ទីភ្នាក់ងារ JICA ក្រោមការជួយឧបត្ថម្ភ ពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន(MHLW) ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MLIT) អង្គភាពទឹកស្អាតនិងប្រព័ន្ធអនាម័យ ក្រុងគីតាឃ្យុស៊ុ និងសមាគមទឹកស្អាតក្រៅប្រទេស ក្រុងគីតាឃ្យុស៊ុ (KOWBA)។
លោក ចម ប្រសិទ្ធ បានថ្លែងថា «នៅត្រឹមបំណាច់ឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅតាមទីប្រជុំជន នឹងទទួលបានទឹកស្អាត ដែលមានគុណភាពសុវត្ថិភាព ថ្លៃសមរម្យ និងមានចីរភាព ដើម្បីជម្រុញឲ្យប្រជាពលរដ្ឋនៅទីប្រជុំជន ៩០% ទទួលបានសេវាទឹកស្អាតពីបំពង់ និង១០% ទទួលបានទឹកស្អាតពីប្រភពផ្សេងទៀត»។
លោកបន្តថា ក្រៅពីនេះ លោកក៏បានបង្ហាញពីផែនការសកម្មភាពចម្បងៗ ដែលរួមមានដូចជា៖
* ការបង្កើតឯកសារគតិយុត្តសម្រាប់វិស័យទឹកស្អាត
* ការជម្រុញវិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់វិស័យទឹកស្អាត
* ការផ្តល់ស្វ័យភាពពេញលេញដល់រដ្ឋាករទឹកសាធារណៈ
* ការបង្កើនហិរញ្ញប្បទានសម្រាប់វិស័យទឹកស្អាត
* ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទឹកស្អាតដែលមានគុណភាព សុវត្ថិភាព ថ្លៃសមរម្យ និងមានចីរភាព។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់វិស័យទឹកស្អាត នៅកម្ពុជាបានគ្រប់ជ្រុងជ្រោយ ដោយរាប់តាំងពីការកសាងបណ្តាឯកសារគតិយុត្ត ការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម កំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំវិស័យជាដើម ដែលទទួលបានលទ្ធផលគួរជាទីពេញចិត្ត ក្នុងនោះរួមមាន៖
១៖ អត្រាប្រជាពលរដ្ឋនៅទីប្រជុំជនទទួលបានទឹកស្អាតកើនឡើងពី៦៨,៥% នៅឆ្នាំ២០១២ ដល់ ៨៦% នៅឆ្នាំ២០១៧
២៖ គោលនយោបាយកំណត់ថ្លៃលក់ទឹកថ្មី បាននឹងកំពុងជួយឧបត្ថម្ភធនដល់គ្រួសារក្រីក្រ កម្មករ និងអ្នកជួលផ្ទះរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ទទួលបានទឹកស្អាតក្នុងតម្លៃសមរម្យទៅតាមលទ្ធភាពរបស់ពួកគាត់
៣៖ រដ្ឋាករទឹកសាធារណៈទាំងអស់ទទួលបានប្រាក់ចំណេញពិតនៅត្រឹមបំណាច់ឆ្នាំ២០១៦ ហើយបន្តកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ
៤៖ បង្កបរិយាកាសកាន់តែល្អប្រសើរ ដែលបានទាក់ទាញដល់ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមថា ការរៀបចំសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លើកទី១០នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីទស្សនវិស័យទឹកស្អាតនៅកម្ពុជា ការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍន៍វិស័យទឹកស្អាតរបស់ប្រទេសជប៉ុន ការជួយគាំទ្ររបស់រដ្ឋាភិបាលជប៉ុនដល់វិស័យទឹកស្អាតកម្ពុជា ក៏ដូចជាការបង្ហាញអំពីលទ្ធផល នៃសហប្រតិបត្តិការរវាងប្រទេសទាំង២ ជាពិសេស កិច្ចសហប្រតិបត្តិការ រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម អង្គភាពទឹកស្អាតនិងប្រព័ន្ធអនាម័យ ក្រុងគីតាឃ្យុស៊ុ និងសមាគមពាណិជ្ជកម្ម ទឹកស្អាតក្រៅប្រទេស ក្រុងគីតាឃ្យុស៊ុ (KOWBA) ព្រមទាំងមានការធ្វើបទឧទ្ទេសនាមនានា របស់ក្រុមហ៊ុនជប៉ុនផងដែរ។
ដើម្បីអាចសម្រេចបាននូវលទ្ធផលដូចខាងលើ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានខិតខំបំពេញភារកិច្ចរបស់ខ្លួនដែលជាស្ថាប័នទទួលបន្ទុកវិស័យទឹកស្អាតទីប្រជុំជន ជាច្រើន រួមមាន៖
(១) ការកសាងបណ្តាឯកសារគតិយុត្ត និងបទដ្ឋានបច្ចេកទេសនានា សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគ្រប់គ្រង និងដឹកនាំវិស័យ ដូចជា ប្រកាសស្តីពីនីតិវិធីនៃការចេញប្រកាសអនុញ្ញាត បញ្ញត្តកម្មថ្លៃលក់ទឹក សូចនាករប្រៀបប្រដូច ស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ ជាដើម ក្នុងនោះជាការកត់សំគាល់គឺការពន្យារសុពលភាពប្រកាសអនុញ្ញាតពី ៣ឆ្នាំ ដល់២០ឆ្នាំ និងការធ្វើបញ្ញត្តកម្មថ្លៃលក់ទឹក ដែលបានបង្កលក្ខណៈកាន់តែទាក់ទាញសម្រាប់វិនិយោគិន និងអនុញ្ញាតឱ្យគាត់អាចមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានសម្បទានពីស្ថាប័នហិរញ្ញវត្ថុនានា
(២) ការបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត តាមរយៈគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ក្រោមហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍នានា ដែលមានទុនវិនិយោគសរុបប្រមាណ ១២៣លានដុល្លារអាមេរិក និងបានផ្តោតទៅលើការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មី ការពង្រីកបណ្តាញចែកចាយ ការគាំទ្របច្ចេកទេស ការចូលរួមបដិភាគទុនវិនិយោគដើម្បីបង្កើនគុណភាពសេវា ការឧបត្ថម្ភធនតភ្ជាប់បណ្តាញជូនគ្រួសារក្រីក្រ ដែលបានផ្តល់ឱកាសប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺនគ្រួសារទទួលបានសេវាទឹកស្អាត និងបានចូលរួមកាត់បន្ថយការលំបាករបស់ស្ត្រី និងកុមារនៅកម្ពុជាយ៉ាងពិតប្រាកដ
(៣) ការផ្តល់ប្រកាសអនុញ្ញាតអចិន្រ្តៃយ៍ ផ្ទាល់ ជំនួស និងប្រកួតប្រជែង សរុបចំនួន១២៩ទីតាំង តាមរយៈយន្តការតម្លាភាព សមភាព និងការទទួលខុសត្រូវ
(៤) ការរៀបចំឱ្យមានមធ្យោបាយគ្រប់គ្រងវិស័យ និងគ្រប់គ្រងអាជីវកម្ម (ប្រព័ន្ធកត់ត្រាព័ត៌មានអ្នកផ្តល់សេវាទឹកស្អាត WSMS, ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម SUMS)
(៥) ការបង្កើនប្រសិទ្ធភាពដំណើរការអាជីវកម្មរបស់រដ្ឋាករទឹកសាធារណៈ តាមរយៈការចុះវឌ្ឍនភាពរបស់ប្រតិភូក្រសួង ជំនាញការគម្រោង JICA និងអ្នកជំនាញរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីស្វែងយល់អំពីបញ្ហា និងមូលហេតុចម្បងនៃដំណើរការប្រតិបត្តិការអាជីវកម្មមិនមានប្រសិទ្ធភាព ព្រមទាំងបានផ្តល់នូវអនុសាសន៍កែលម្អយ៉ាងជាក់ស្តែង ក្នុងបំណងបង្កើនប្រសិទ្ធភាពរបស់អាជីវកម្ម
(៦) ការបង្កើតអគ្គនាយកដ្ឋានទឹកស្អាត ដែលមាន៥នាយកដ្ឋានជំនាញ ដើម្បីឆ្លើយតបទៅនឹងទំហំភារកិច្ច និងការទទួលខុសត្រូវរបស់វិស័យទំាងមូល។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាននេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ដៃគូអភិវឌ្ឍន៍នានា រួមមាន JICA, ADB, WHO, AFD, WB (WSP), DFAT (3i), GRET, UNICEF, UN-Habitat ជាដើម ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា តាមគ្រប់រូបភាពទាំងអស់ ក្នុងនោះការជួយគាំទ្ររបស់រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA និងស្ថាប័ននានារបស់ជប៉ុន គឺធំធេងដែលមិនអាចកាត់ថ្លៃបានហើយ ឯកឧត្តម សង្ឃឹមថារាជរដ្ឋាភិបាលជប៉ុននឹងនៅបន្តជួយគាំទ្រដល់វិស័យទឹកស្អាតនេះតទៅមុខទៀត។
នៅចុងបញ្ចប់នៃពិធីបើកសិក្ខាសាលានេះ លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំដល់អង្គសិក្ខាសាលាទាំងមូល យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ នូវបទបង្ហាញចែករំលែកបទពិសោធន៍នានា ជាពិសេសរបស់ភាគីជប៉ុន ព្រមទាំងចូលរួមផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍នៅក្នុងការគ្រប់គ្រង បញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយនានា ដើម្បីឲ្យសិក្ខាសាលាដែលមានរយៈពេល២ថ្ងៃនេះ ក្លាយជាពុទ្ធិសម្រាប់ការកែលម្អ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត នៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ នឹងត្រូវរៀបចំរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ រាជធានីភ្នំពេញ៕