(ភ្នំពេញ)៖ អ្នកជំនាញវិស័យអចលនវត្ថុកម្ពុជា លោក ឃាន ពុទ្ធី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានលើកឡើងពីហានិភ័យការបះពាល់ នៃការប្រើប្រាស់សេវាកម្មអចលនវត្ថុ ដោយមិនមានជំនាញ ឬក្រុមហ៊ុនត្រឹមត្រូវតាមច្បាប់។
ការលើកឡើងបែបនេះ របស់លោកអនុប្រធានសមាគម ធ្វើឡើងខណៈដែលបច្ចុប្បន្ននេះ មានពលរដ្ឋជាម្ចាស់អចលនវត្ថុមួយចំនួន មិនបានប្រើប្រាស់សេវាចលនវត្ថុដែលច្បាប់ទទួលស្គាល់ឡើយ ដោយអ្នកខ្លះថែមទាំងលក់ ឬទិញអចលវត្ថុដោយខ្លួនឯងថែមទៀត ដោយមានបានប្រើប្រាស់សេវាអចលនវត្ថុឡើយ ដែលជាហេតុផលដែលបណ្ដាលឲ្យ មានការកត្តាហានិភ័យច្រើនកើតមានឡើង។
លោក ឃាន ពុទ្ធី បានថ្លែងថា «កន្លងមកមានពលរដ្ឋ ជាម្ចាស់អចលនវត្ថុ មួយចំនួនបានប្រើប្រាស់សេវាកម្មនេះ តែមានម្ចាស់អចលនវត្ថុមួយចំនួនទៀតមិនបានប្រើប្រាស់សេវាកម្មនេះឡើយ ដោយពួកគាត់ដាក់ស្លាកលក់ តាមរយៈទូរស័ព្ទដោយខ្លួនឯង ពួកគាត់មួយចំនួនគិតថា ការដាក់លក់ ដោយខ្លួនឯងនេះ គឺមិនបាច់ចំណាយទៅលើ ប្រាក់កម្រៃជើងសារ៣% ដែលទើបចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
លោកបានបន្ដទៀតថា ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញបទបញ្ញាតិ ដើម្បីកំណត់តម្លៃ ទាំងការវាយតម្លៃ និងកម្រៃជើងសារនៃការលក់។ កាលណា យើងមិនបានប្រើប្រាស់ទីភា្នក់ងារអចលនវត្ថុ ដែលនេះជាហេតុផលមួយ ធ្វើឲ្យពួកគាត់បាត់បង់អត្ថប្រយោជន៍ជាច្រើន ដូចជាពេលវេលា ការរំខាន និងតម្លៃល្អជាដើម ហើយប្រសិនបើប្រើប្រាស់ទីភ្នាក់ងារនេះ នឹងអាចជួយអ្នកឲ្យការទិញអចលនវត្ថុល្អ ទីតាំងល្អ និងអាចប្រើប្រាស់ជាប្រយោជន៍ ដែលធ្វើឲ្យការវិនិយោគនេះ ទទួលបានផលជះត្រលប់មកវិញ។
លោកក៏បានបញ្ជាក់ទៀតថា «កត្តាប្រឈមមួយចំនួន ដែលមិនបានប្រើប្រាស់សេវាកម្ម អចលនវត្ថុក្រុមហ៊ុនស្រប់ច្បាប់រួមមាន៖ ជួបតម្លៃដែលមិនពិតប្រាកដ មានន័យថាជួនកាលភ្នាក់ងារផ្សេងៗ ដែលមិនមានចុះបញ្ជី ហើយពួកគាត់លក់អចលនវត្ថុ ហើយនៅពេលដែលអ្នកទិញអចលនវត្ថុ អាចប៉ះតម្លៃលើសពីទីផ្សារ ឧទាហរណ៍ថា ផ្ទះនេះតម្លៃតែ១០ម៉ឺនដុល្លារទេ ប៉ុន្ដែពួកគាត់អាចបន្ថែមតម្លៃលើសនេះ២-៣ម៉ឺនបន្ថែមទៀត ដែលធ្វើឲ្យអ្នកទិញខាតបង់ច្រើន។ ក្នុងនោះក៏មានគ្រោះថា្នក់ផ្សេងៗជាច្រើនទៀតផងដែរ រួមមាន បច្ចុប្បន្ននេះប្រទេសកម្ពុជា មានបញ្ហាជំលោះដីធ្លីច្រើន នៅពេលដែលអ្នកទិញអចលនវត្ថុបានក៏ពិតមែន ប៉ុន្ដែអាចប្រឈមនូវបញ្ហានៅពេលផ្ទេរកម្មសិទ្ធិ ការជាប់គាំ ឬក៏បញ្ហាផ្សេងៗជាច្រើនទៀត»។
សូមបញ្ជាក់ថា សមាគមភ្នាក់ងារវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា តែងតែបង្កើតកម្មវិធីនានា ដើម្បីរក្សាសន្ដិសុខផ្នែកអចលវត្ថុទៅដល់ពលរដ្ឋ ជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូម្សិលមិញ សមាគមបានរៀបចំកម្មវិធី «អត្ថប្រយោជន៍នៃការប្រើប្រាស់ក្រុមហ៊ុន អចលនទ្រព្យស្របច្បាប់ និងសិទ្ធិលក់អចលវត្ថុផ្ដាច់មុខ» ដែលកម្មវិធីនេះរៀបចំឡើង ដើម្បីបញ្ជូនព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋវិនិយោគទុនជាតិ និងអន្ដរជាតិ ឲ្យយល់ពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃការប្រើប្រាស់សេវាកម្ម អចលវត្ថុកម្ពុជាទាំងអស់ ដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងទទួលបានអាជ្ញាបណ្ណ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕