(ភ្នំពេញ)៖ ស្របពេលដែលប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុប កំពុងតែគំរាមកាត់ផ្ដាច់ជំនួយពីកម្ពុជា ពាក់ព័ន្ធការអនុវត្តច្បាប់លើក្រុមក្បត់ជាតិនោះ តែសម្រាប់មហាអំណាចចិន និងមហាសេដ្ឋកិច្ចជប៉ុន នៅបន្ដទម្លាក់លុយជាបន្តបន្ទាប់ឲ្យកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ និងពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនដដែល។
ការទម្លាក់លុយជាបន្ដបន្ទាប់ របស់ប្រទេសអ្នកមានលើលោកទាំង២នេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ដោយលុយទាំងនោះសរុបជាង៣៥លានដុល្លារអាមេរិក ដើម្បីបន្ដគម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។
ការបន្ដទម្លាក់លុយប្រមាណ៣៥លានដុល្លារ របស់ប្រទេសចិន និងជប៉ុន ត្រូវបានលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចាត់ទុកថា ជាការផ្ដល់នូវទំនុកចិត្តបន្ថែមទៀតដល់កម្ពុជា បើទោះបីមានប្រទេសមួយចំនួន កំពុងគំរាមកាត់ផ្ដាច់ជំនួយយ៉ាងណាក្ដី។
ជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយប្រមាណ៣,១៧០ លានយ៉េន ស្មើនឹង២៨លានដុល្លារសហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ដោយរដ្ឋាភិបាលជប៉ុន ដើម្បីលើកកំពស់សមត្ថភាព ធនធានមនុស្សកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ជាតិ។
យ៉ាណាមិញ ក្រោមកិច្ចសហប្រតិបត្តិការលើគម្រោង នៃមូលនិធិពិសេសមេគង្គ-ឡានឆាង រដ្ឋាភិបាលចិក៏បានផ្តល់ជំនួយ៧,៣១៥,៩០៨ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងសំខាន់ៗចំនួន១៦ នៅកម្ពុជា ក្នុងដំណាក់កាលទី១។
លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងថា ការផ្ដល់ជំនួយនេះ ជាអះអាងជាថ្មីម្តងទៀតនូវទំនុកចិត្តដ៏ខ្លាំងដល់កម្ពុជា ជាមួយយន្តការអនុតំបន់ដែលកំពុងតែកើនឡើងនេះ ដោយឈរលើកិច្ចសហប្រតិបត្តិការ និងគម្រោង ពិតប្រាកដ។ ក្នុងពេលដែលកម្ពុជា នឹង រៀបចំកិច្ចប្រជុំលើកទី២ របស់ថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាំងនៅខែក្រោយ។
ជាការកត់សម្គាល់ក្រោយពេលតុលាការកំពូលរបស់កម្ពុជា កាត់រំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់ការធ្វើនយោបាយ របស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ រយៈ៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានបណ្តាប្រទេសលោកសេរីមួយចំនួន ដូចជាអាមេរិក និងសហគមន៍អឺរ៉ុប បានសម្តែងការប្រតិកម្ម។
ប៉ុន្ដែប្រទេសជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយលើពិភពលោក មិនត្រឹមតែមិនបានបង្ហាញប្រតិកម្មអ្វីនោះទេ ថែមទាំងបានចេញមកប្រកាស ពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរួមទាំងផ្នែកនយោបាយផងដែរ ហើយនៅក្នុងឆ្នាំ២០១៧នេះ ប្រទេសជប៉ុន បានផ្តល់ជំនួយសរុប ៣១២លានដុល្លារដល់កម្ពុជា ខណៈដែលជប៉ុន នៅតែជាប្រទេសធំទី១ ក្នុងការផ្តល់ជំនួយនេះ។
ដោយឡែកសម្រាប់មហាយក្សចិនវិញ លោកប្រធានាធិបតី ហ្ស៊ី ជីនពីង បានអះអាងដោយមុតមាំថា បើទោះបស្ចិមប្រទេសចាត់ទុកកម្ពុជាជាអ្វីក៏ដោយ ក៏ចិនបានប្រកាសរួចហើយថា ចិននឹងបន្តជួយគាំទ្រ ដោយគ្មានការងាករេ ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាតទៅមុខទៀត៕