(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការបច្ចេកទេសជំរឿនប្រជាជននៅកម្ពុជាឆ្នាំ២០១៩ បានលើកឡើងថា នៅឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងពង្រីកបន្ថែមនូវទិន្នន័យមូលដ្ឋាន អំពីប្រជាជនសម្រាប់លទ្ធផលជំរឿន។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ដឹកនាំកិច្ចប្រជុំលើកទី១ គណៈកម្មាធិការ បច្ចេកទេសជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលរៀបចំធ្វើឡើងនាទីស្តីការក្រសួងផែនការ។
រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងយ៉ាងដូច្នោះថា «ដោយមានជោគជ័យក្នុងជំរឿនឆ្នាំ១៩៩៨ និងឆ្នាំ២០០៨ ក្នុងការបង្កើតជាទិន្នន័យមូលដ្ឋានអំពីប្រជាជន រាជរដ្ឋាភិបាលកម្ពុជា ត្រូវកសាង និងពង្រីកបន្ថែមនូវទិន្នន័យមូលដ្ឋាន អំពីប្រជាជនសម្រាប់លទ្ធផលជំរឿនឆ្នាំ២០១៩ខាងមុខ»។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា តម្រូវការរបស់បណ្តាក្រសួងស្ថាប័ន រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍នានា អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ ក៏មានការកើនឡើង ដើម្បីធ្វើ បច្ចុប្បន្នកម្ម និងធ្វើឲ្យមានភាព ជឿជាក់លើទិន្នន័យប្រជាសាស្ត្រ និងសង្គមកិច្ច ក្នុងការកែតម្រូវឡើងវិញនូវផែនការ និងកម្មវិធីនានា។
គួររំម្លឹកផងដែរ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិជំរឿនទូទៅនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ បានបើកកិច្ចប្រជុំលើកទី១របស់ខ្លួន ដើម្បីត្រួតពិនិត្យលើ វឌ្ឍនភាព សកម្មភាព ជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។
យោងតាមសេចក្តីសម្រេចលេខ ៥២២៥ ស.ស.រ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការបង្កើតគណៈកម្មការបច្ចេកទេសជំរឿន ទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ហើយគណៈកម្មការនេះ ត្រូវមានរបាយការណ៍ទៀងទាត់ប្រចាំត្រីមាស ជូនទៅគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា។
គម្រោងជំរឿន ឆ្នាំ២០១៩ គឺជាផ្នែកមួយដ៏សំខាន់ នៃស្ថិតិប្រជាជន ដែលត្រូវធ្វើបច្ចុប្បន្នកម្ម និងផ្តល់បន្តនូវស៊េរីទិន្នន័យដែលគួរទុកចិត្តបាន និងងាយយល់ដូចជា កម្រងទិន្នន័យ អំពីទំហំ ប្រជាជន សមាសធាតុ និងចរិកលក្ខណៈប្រជាជនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច។
ទិន្នន័យជំរឿនឆ្នាំ២០១៩ នឹងជួយធ្វើការសម្របសម្រួលយ៉ាងសំខាន់ លើសូចនាករសម្រាប់ធ្វើការតាមដាន និងវាយតម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។
ជំរឿនត្រូវអនុវត្តតាមចន្លោះពេលទៀងទាត់ដើម្បីឲ្យព័ត៌មានអាចប្រៀបធៀបគ្នាបានតាមលំដាប់ថេរមួយ។ តាមច្បាប់ស្តីពីស្ថិតិឆ្នាំ២០១៥ ជំរឿនត្រូវដំណើរការយ៉ាងតិច មួយដងក្នុងរយៈពេល១០ឆ្នាំ ។ ស៊េរីទិន្នន័យរបស់ជំរឿនប្រាកដណាស់អាចឲ្យយើងធ្វើការវាយតម្លៃពីអតីតកាលអធិប្បាយពីទិដ្ឋភាពពិតបច្ចុប្បន្ន និងប៉ាន់ស្មានសម្រាប់អនាគត។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលមានលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ជាអ្នកទទួលបន្ទុកដឹកនាំ អនុវត្តន៍ ដំណើរការជំរឿនឆ្នាំ២០១៩នេះ៕