(មណ្ឌលគិរី)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌ័ សីមា ព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានាវត្ដព្រះពុទ្ធមណ្ឌលគិរី (ហៅវត្ដលើ) ស្ថិតនៅក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោកស្រី ម៉ែន សំអន បានថ្លែងថា «ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទូទាំងប្រទេស មានការរីកចម្រើន រហូតដល់សព្វថ្ងៃ ដោយសារមានការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។ សុខសន្តិភាពទាំងនេះជាតម្លៃដែល បានផ្តល់ឲ្យយើងមាន ឱកាសប្រកបមុខរបអាជីវកម្មផ្សេងៗ និងបានបញ្ជូនកូនចៅទៅរៀនសូត្រ ចាប់ពីមតេយ្យរហូត ដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធារ ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ»។
លោកស្រី ម៉ែន សំអន បានបន្ដថា «ខ្ញុំក៏សូមពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់ អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ សម្តេចួទាំងពីរក៏តែងតែមានឧត្តមគតិ គិតគូចំពោះ វិស័យព្រះពុទ្ធសាសនា នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រជាជាតិ និងដើម្បីតែព្រះពុទ្ធសាសនា។ សម្តេចទាំងពីរគឺជាអគ្គពុទ្ធសាសនូបត្ថម្ភដ៏ថ្លៃថ្លា ក្នុងសតវត្សទី២១នេះ ដោយបានប្រែក្លាយពីប្រទេសដែលពោរពេញទៅដោយ សង្រ្គាម មកជាប្រទេសដែលមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យ ព្រះពុទ្ធសាសនា និងជំនឿសាសនាក៏ត្រូវបានរស់ឡើងវិញផងដែរ ដែលអាចឲ្យប្រជាពលរដ្ឋមាន សិទ្ធិធ្វើបុណ្យទៅតាមបំណងប្រាថ្នារៀងៗខ្លួន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព និងមានសេចក្ដីសោមនស្ស រីករាយ ក្រៃលែង ដោយបានមកចូលរួមជាមួយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ។ ជាក់ស្ដែងថ្ងៃនេះ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្សទាំងអស់ បានចូលរួម ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្ត ព្រះពុទ្ធមណ្ឌ ល គិរី (ហៅវត្តលើ) ស្ថិតនៅភូមិជ្រៃសែន សង្កាត់ មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនាពេលនេះ ដោយសេចក្ដីសុខ សប្បាយ រីករាយប្រកបដោយសុខសន្ដិភាពពេញលេញ»។
លោក ស្វាយ សំអាង អភិបាលខេត្ដមណ្ឌលគិរី បានគូសបញ្ជាក់ថា៖ ខេត្តមណ្ឌលគីរី ស្ថិននៅភូមិភាគឥសាន្ដ នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយផ្លូវប្រវែង៣៨២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ បច្ចុប្បន្នខេត្ដមណ្ឌលគិរី មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្ដែងថ្ងៃនេះ សមិទ្ធផលនានា ស្ថិតនៅវត្ដព្រះពុទ្ធមណ្ឌលគិរី ត្រូវបានក៏កើតឡើង ដើម្បីបម្រើឲ្យវិស័យពុទ្ធសាសនា មិននឹកស្មានដល់នៅទីនេះ។ វត្តព្រះពុទ្ឋមណ្ឌលគីរី គឺជាវត្តគណៈធម្មយុត្តទី១ នៃទឹកដីមណ្ឌលគីរី បង្កើតឡើងដោយសម្តេចព្រះអភិសិរី សុគន្ឋាមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហា សង្ឃរាជ នៃគណៈធម្មយិត្តកនិកាយនៃព្រះ រាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០០៨ ។ ក្នុងនោះរួមមានសមិទ្ឋផលនានា ដូចជា៖ ១-ព្រះឧបោសថស្ថានមួយខ្នង ធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ៩x១៩ម៉ែត្រ ២-ឧបដ្ឋានសាលាមួយខ្នង ធ្វើអំពីបេតុង ប្រក់ក្បឿង ទំហំ ១៥x២៥ម៉ែត្រ និង៣-វច្ឆនៈកុដិ ចំនួន៥បន្ទប់ និងកុដិស្នាក់នៅរៀនសូត្ររបស់ព្រះសង្ឃចំនួន១ខ្នង៕