(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការបណ្តឹងព្រហ្មទណ្ឌមួយ ដែលសហជីពធំៗចំនួន១២០ បានប្តឹងលោក ជា មុនី អតីតប្រធានសហភាពសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និង បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា ដែលបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។
តាមរយៈបណ្តឹងនេះក្រុមសហជីពធំៗបានស្នើឱ្យតុលាការ ផ្តន្ទាទោស លោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន ១លានដុល្លារសហរដ្ឋអាមេរិក។
លោក ដារ៉ា សុបញ្ញា មេធាវីតំណាងដោយអាណត្តិរបស់សហជីព បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នេះថា បច្ចុប្បន្នសំណុំរឿងកំពុងស្ថិតក្រោមចំណាត់ការរបស់ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយពុំទាន់កោះអញ្ជើញ ដើមបណ្តឹងចូលបំភ្លឺនៅឡើយទេ ។
ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីលោក ជា មុនី លើកឡើងដោយស្នើ ទៅសហភាពអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើសហភាពអឺរ៉ុបដាក់ ទណ្ឌកម្មនេះកាន់តែលឿន រាជរដ្ឋាភិបាលកម្ពុជានឹងរងគ្រោះ ហើយងាកមករកផ្លូវចរចា បញ្ចប់វិបត្តិនយោបាយជាមួយ គណបក្សប្រឆាំង។
ក្រុមសហជីពធំៗ តំណាងឱ្យកម្មកររាប់សែននាក់ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ក្នុងករណីដែលសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច មែននោះ ផលវិបាកធ្ងន់ធ្ងរ នឹងធ្លាក់ទៅលើកម្មកររាប់លាននាក់ និងបាត់បង់ការងារធ្វើ ក្នុងនោះផលប៉ះពាល់ ដោយផ្ទាល់ដល់កម្មករ១,២លាននាក់ និងផលប៉ះពាល់ ដោយប្រយោលចំពោះកម្មករ ៣លាននាក់ផងដែរ៕