(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ក្រសួង បាននិងកំពុងបង្កើតសមាគមមនុស្សចាស់ឲ្យបានចំនួន១,៦៤៦ ឃុំ-សង្កាត់ នៅក្នុង រាជធានី-ខេត្ត ទូទាំងប្រទេស ក្នុងឆ្នាំ២០១៧ សំដៅជួយដោះស្រាយ ការលំបាកមនុស្សចាស់ និងជួយគ្នាទៅវិញទៅមក ក្នុងករណីមានធុរៈ។
លោករដ្ឋមន្រ្តី បានបន្ថែមថា «យើងក៏បាន និងកំពុងសិក្សាអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាក្រីក្រ គ្មានទីពឹង ក្នុងការផ្តល់សេវាថែទាំពួកគាត់ តាមរយៈភ្នាក់ងារសង្គមកិច្ច ដែលមានវិជ្ជាជីវៈត្រឹមត្រូវ។ ក្រៅពីមជ្ឈមណ្ឌលថែទាំ មនុស្សចាស់ នៅមានមណ្ឌលផ្សេងៗទៀតដូចជា មណ្ឌលសំចត មណ្ឌលសម្រាប់ជនវិបល្លាសជាដើម គ្រោងដាក់ដំណើរការ នៅឆ្នាំ២០១៨ខាងមុខនេះ ដើម្បីឲ្យមានសង្គតិភាពទៅនឹងគោលនយោបាយជាតិ ដែលបាននិងកំពុងដាក់ឲ្យអនុវត្តជាធរមាន»។
ការលើកឡើងរបស់ លោក រដ្ឋមន្រ្តី វង សូត បានធ្វើឡើងខណៈលោក និងក្រុមការងារចូលរួម សិក្ខាសាលាពិគ្រោះយោបល់ កម្រិតនយោបាយ ស្តីពីការពិនិត្យកែសម្រួលលើសេចក្តីព្រាងផែនការ សកម្មភាព២០១៧-២០២០ សម្រាប់អនុវត្ត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ រៀបចំធ្វើនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នាសណ្ឋាគារកាំប៉ូឌីយ៉ាណា។
បន្ថែមពីលើនេះលោក វង សូត បានឲ្យដឹងថា ផែនការសកម្មភាព២០១៧-២០២០ សំដៅឆ្លើយតប ទៅនឹងការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គម កំណើនមនុស្សចាស់ ជនចាស់ជរា តម្រូវការ និងបញ្ហាប្រឈមនានា ដែលមនុស្សចាស់បាន និងកំពុងជួបប្រទះ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសុខុមាលភាពមនុស្សចាស់ និងធានាថា មនុស្សចាស់រស់នៅប្រកបដោយ សុខដុម ក្នុងគ្រួសារ និងសហគមន៍ ទាំងផ្នែកសេដ្ឋកិច្ច សង្គម ជំនឿសាសនា និងការចូលរួមក្នុងសកម្មភាពនយោបាយ ជាពិសេសការជំរុញ យុវជនជំនាន់ក្រោយ ឲ្យគិតគូរពីជោគវាសនាផ្ទាល់ខ្លួន នៅមុនពេលឈានចូលដល់វ័យចាស់។
រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្រ្ត ស្តីពីការអភិវឌ្ឍប្រព័ន្ធសុខុមាលភាពសង្គម និងគោលនយោបាយជាតិ ស្តីពីមនុស្សចាស់ ដែលបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះមនុស្សចាស់ ជាពិសេសចាស់ជរាក្រីក្រ គ្មានទីពឹង ឲ្យមានលក្ខណៈកាន់តែល្អប្រសើរឡើងជាលំដាប់ និងមានភាពកក់ក្តៅ។
ជាមួយគ្នានោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានផ្តល់អនុសាសន៍មួយចំនួនទាក់ទងនឹង ផែនការសកម្មភាព ២០១៧-២០២០ រួមមាន៖
១៖ ដោយសារឆ្នាំ២០១៧ នឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ លោកបានស្នើក្រុមការងារពិនិត្យ និងកែសម្រួលផែនការនេះ ទៅជាផែនការ២០១៨-២០២០វិញ ដើម្បីឲ្យស្របតាមស្ថានភាព និងសកម្មភាពជាក់ស្តែង
២៖ ត្រូវរៀបចំកម្មវិធីការងារ ឲ្យបានច្បាស់លាស់ ពិសេសស្របតាមលទ្ធភាពថវិកា ដែលបានគ្រោងទុក សំដៅដល់ការអនុវត្ត ឲ្យមានប្រសិទ្ធភាព
៣៖ ពិនិត្យក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងគោលនយោបាយជាតិកម្ពុជា ស្តីពីមនុស្សចាស់ ២០១៧-០៣០ ដើម្បីឲ្យការអនុវត្តស៊ីចង្វាក់គ្នា។
គួរបញ្ជាក់ថា ថ្មីៗនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពាសង្គម ដើម្បីកំណត់ ផែនការយុទ្ធសាស្រ្ត ក្នុងការធានាឲ្យមានសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងហរញ្ញាវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា៕