(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យក្រសួងការពារជាតិវៀតណាមសហការឲ្យបានកាន់តែខ្លាំងក្លាជាមួយកម្ពុជា ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍នានាក្នុងការប្រយុទ្ធប្រឆាំងចលនាបដិវត្តន៍ពណ៌។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យលោក ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាវិមានសន្តិភាព នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំ រកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះ លោក ង្វៀន ជីវិញ បានគោរពជម្រាបជូនសម្តេចតេជោ អំពីទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលបច្ចុប្បន្នមានភាពល្អប្រសើរជាទីបំផុត ហើយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌកម្ពុជា វៀតណាម ឡាវ គឺមានភាពល្អប្រសើរផងដែរ។

ក្នុងជំនួបនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើវៀតណាម និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាថែមទៀត។

សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ ឲ្យក្រសួងការពារជាតិកម្ពុជា និងវៀតណាម សហការគ្នាឲ្យបានស្អិតរមួត ក្នុងការចែកបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌។

សម្តេចតេជោ ក៏បានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ លើការជួយសង្គ្រោះប្រជាជនតាមព្រំដែន ពេលមានគ្រោះអន្តរាយ។ ក្នុងន័យនេះសម្តេចបានណែនាំឲ្យត្រៀមសង្គ្រោះប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងករណីមានភ្លើងឆេះព្រៃ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យផ្តើមមានកិច្ចប្រតិបត្តិការគ្នាក្នុងការផ្ដល់ព័ត៌មាន និងចែករំលែកបទពិសោធន៍គ្នាទៅវិញមក ក្នុងការបម្រើការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិ ចំពោះកងទ័ព ដែលបញ្ជូនទៅប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា លោកអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម នៅល្ងាចថ្ងៃដដែលនេះ ក៏នឹងជួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា។ ជំនួបនេះ នឹងមានការពិភាក្សាលើការបណ្តុះបណ្តាល ធនធានមនុស្ស កិច្ចសហប្រតិបត្តិការវិស័យយោធា ការចែករំលែកបទពិសោធន៍ នៃការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ព័ណ៌ កិច្ចសហប្រតិបត្តិការល្បាតលើដែនសមុទ្រ កិច្ចសហប្រតិបត្តិការលើការការពារនៅតាមព្រំដែន និងជំរុញការងារលើអ្វីដែលថ្នាក់ដឹកនាំកំពូលបានចុះហត្ថលេខារួចហើយ៕