(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នយោបាយល្អ ឬអាក្រក់ គឺត្រូវមើលលើលទ្ធផល មិនមែនលើការនិយាយល្អនោះទេ។ បើលទ្ធផលនៃនយោបាយមួយធ្វើឲ្យប្រទេសចប់សង្គ្រាម រីកចម្រើនលឿនជាងគេ បានចំណាត់ថ្នាក់លេខ៦ លើពិភពលោក (របាយការណ៍ធនាគាពិភពលោក) បើលទ្ធផលនយោបាយធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានឱកាស នេះហើយជាគោលនយោបាយត្រឹមត្រូវ។ តែបើគ្រាន់តែគោលនយោបាយស្តាប់ទៅពិរោះ ហើយធ្វើមិនបាន នេះមិនមែនជានយោបាយល្អនោះទេ ព្រោះអ្នកណាក៏អាចនិយាយល្អបានដែរ យើងធ្លាប់មានមេរៀនរួចមកហើយ ដូចកាលរបបខ្មែរក្រហមជាឧទាហរណ៍។
ការលើកឡើងបែបនេះរបស់លោកហ៊ុន ម៉ាណែត គឺនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យកម្ពុជា (UC) នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
នៅចំពោះនិស្សិតជ័លាភីទាំងអស់ លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះប្អូនៗ និស្សិតដែលទទួលសញ្ញាបត្រថ្ងៃនេះ ហើយនេះជាលទ្ធផល នៃភាពជោគជ័យរបស់ប្អូនៗក្នុងការសិក្សាអស់រយៈពេល៤ឆ្នាំ ជាពិសេសគឺចូលរួមត្រេកអរចំពោះអាណាព្យាបាលដែលបានលះបងគ្រប់បែបយ៉ាអោយកូនៗបានសិក្សារហូតទទួលជោគជ័យ។
ជាមួយគ្នានេះលោកបានថ្លែងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើវិស័យអប់រំ បើប្រៀបធៀបទៅវិស័យផ្សេងៗ ព្រោះនេះដូចជាការវិនិយោគ ហើយការវិនិយោគធនធានមនុស្ស គឺជាការវិនិយោគធនធានមិនចេះរីងស្ងួតសម្រាប់ប្រទេសជាតិ យើងមានធនធានមនុស្សកាន់តែច្រើន និងជួយអភិវឌ្ឍប្រទេសយើងបានកាន់តែច្រើន។ វិស័យអប់រំ រដ្ឋាភិបាលបានផ្តោតលើ មុខព្រួញសំខាន់ពីរ ទី១បរិមាណ គឺជាលទ្ធភាពដែលរដ្ឋាភិបាលខិតខំក៏សាងសាលាអោយដល់គ្រប់មូលដ្ឋាន និងបើកឱកាសឲ្យមានការចូលរួមចំណែកវិនិយោគពីវិស័យឯកជននានា ទី២បង្កើនគុណភាពសិក្សាតាមរយៈកំណែទម្រង់ប្រព័ន្ធអប់រំ អោយកាន់តែមានគុណភាព។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងប្រកបកិច្ចការដោយការប្រកួតប្រជែង ដោយភ្ជាប់ការជោគជ័យរបស់ខ្លួនអោយជាប់ជាមួយការជោគជ័យរបស់សង្គមជាតិ កំអោយភាពជោគជ័យរបស់យើងម្នាក់ ទៅបំផ្លាញអ្នកដ៏ទៃឫសង្គមទាំងមូល។ លទ្ធផលនៃសន្តិភាពប្រជាពលរដ្ឋអាចធ្វើអ្វីៗគ្រប់បែបយ៉ាង មានការអភិវឌ្ឍគ្រប់វិស័យទាំងអស់រួមទាំង ពុទ្ធចក្រ និងសាសនាដ៏ទៃ ជាក់ស្តែងថ្ងៃនេះមានព្រះសង្ឃបានបញ្ចប់ និងទទួលសញ្ញាបត្រផងដែរ។
ទន្ទឹមគ្នានេះលោក ក៏បានថ្លែងបញ្ជាក់ទៀតថា ប្អូនៗជាជំនាន់មួយនៃគ្រួសារ មានឱកាសបញ្ចប់កាសិក្សា និងទទួលសញ្ញាបត្រ ដែលខុសពីជំនាន់ឳពុកម្តាយយើង ពួកគាត់មិនមានឱកាសរៀនដូចយើង សូមរក្សានូវដំណែលសន្តិភាពនេះដើម្បីជាឱកាសដល់កូនចៅយើងទទួលបានជោគជ័យដល់ជំនាន់ក្រោយៗទៀត។ កន្លងទៅមានសិស្សនិស្សិតខ្មែរជាច្រើន បានចូលរួមប្រគួកប្រជែងជាមួយ សិស្សនិស្សិតប្រទេសដ៏ទៃ ហើយទទួលបានជោគជ័យ និងបានមេដាយជាច្រើន ដែលនេះបានបង្ហាញថាប្រព័ន្ធអប់រំរបស់ប្រទេសយើងក៏មិនអន់ជាងប្រទេសគេដែរ។
លោកបានផ្តាំទៅប្អូនៗត្រូវរៀនឲ្យចប់ រៀនឲ្យចេះ និងច្បាមយកអ្វីដែលថ្មីបន្ថែម ប្អូនៗមានឱកាសច្រើន តែឱកាសនោះត្រូវមានការប្រកួតប្រជែង បញ្ហាធ្វើអោយយើងខិតខំ ខិតខំធ្វើឲ្យយើងជោគជ័យ។ យើងមានជម្រើសច្រើនដែលខុសពីជំនាន់ ឪពុកម្តាយយើងមានតែមួយជំរើស គឺតស៊ូឲ្យរស់សិន៕