(អូទ្រីស)៖ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា លើកទី១៦ នៅប្រទេសអូទ្រីស រយៈពេល២ថ្ងៃកន្លងមកនេះ ពោលគឺថ្ងៃទី១៩ - ២០ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋសមាជិកអនុសញ្ញាអូតាវ៉ា ទាំង១៦៣ប្រទេស ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការសម្រេចបាននូវលទ្ធផល នៃសកម្មភាពកម្ចាត់មីន និងគ្រាប់មិនទាន់ផ្ទុះរបស់កម្ពុជា រួមទាំងផែនការយុទ្ធសាស្ត្រដោះមីន ឲ្យអស់នៅឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា លើសពីនេះ ភាគីរដ្ឋជាសមាជិកទាំងអស់ បានភ្ញាក់ផ្អើល និងចាប់អារម្មណ៍ផងដែរ ចំពោះការរកឃើញគ្រាប់បែកគីមីជាច្រើនគ្រាប់ នៅលើកទឹកដីកម្ពុជា ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក ក្នុងសម័យសង្គ្រាម នៅពេលដែលលោកឡើងធ្វើបទអន្តរាគមន៍ អំពីស្ថានភាពកម្ចាត់មីន និងផែនការរបស់កម្ពុជា ជូនអង្គប្រជុំ។
អនុប្រធានទី១ អាជ្ញាធរមីនរូបនេះលើកឡើងថា «ក្នុងបទអន្តរាគមន៍របស់ខ្ញុំ នៅក្នុងអង្គប្រជុំ ខ្ញុំបានធ្វើបទបង្ហាញអំពីសមទ្ធិផល ដែលកម្ពុជាសម្រេចបានរយៈពេល២៥ឆ្នាំ ក្រោយពីបានចូលជាសមាជិកពេញសិទ្ធិនៃអនុសញ្ញាអូតាវ៉ា។ ខ្ញុំក៏បានបង្ហាញ នូវការរកឃើញគ្រាប់បែកគីមី នៅក្នុងខេត្តស្វាយរៀង ជូន១៦៣ប្រទេស ហើយប្រទេសទាំងនោះចាប់អារម្មណ៍យ៉ាងខ្លាំង»។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្នុងកិច្ចប្រជុំនោះ លោកក៏បានធ្វើបទបង្ហាញ អំពីការសហការដោះមីនរវាងកម្ពុជា និងប្រទេសថៃ នៅតាមបណ្តោយព្រំដែន និងធ្វើបទបង្ហាញលទ្ធផលការងារ សកម្មភាព ជួយជនរងគ្រោះដោយសារគ្រាប់មីនផងដែរ។
លើសពីនេះទៅទៀតនោះ នៅក្រៅកិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រីក៏មានជំនួបទ្វេភាគីជាមួយប្រទេសជាច្រើន ដូចជាអាមេរិក កាណាដា ជប៉ុន ចិន អាល្លឺម៉ង់ ឆែក និងប្រទេសជាច្រើនទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល កាលពីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ បានត្រូវដឹកនាំប្រតិភូជាន់ខ្ពស់ អាជ្ញាធរមីនកម្ពុជា រួមទាំងតំណាងប្រតិបត្តិករដោះមីន មកពីស៊ីម៉ាក់ និង មជ្ឈមណ្ឌលជាតិ គ្រប់គ្រង កងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ចេញទៅចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា លើកទី១៦ នៅប្រទេសអូទ្រីស ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែធ្នូ ឆ្នាំ២០១៧៕