(កណ្ដាល)៖ បងប្អូនសាសនិកឥស្លាមជិត១០០គ្រួសារ ដែលសុទ្ធតែជាអ្នកនេសាទរស់នៅលើទូក បានប្រមូលផ្ដុំគ្នាបង្កើតភូមិមួយនៅលើទឹកដីគោក ស្ថិតនៅ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ព្រោះនៅលើទូកមានការលំបាកខ្លាំង ទើបពួកគាត់បានមូលមតិ និង រៃអង្គាសថវិកាគ្នា ទិញដីទំហំតូចមួយដើម្បីបង្កើតភូមិថ្មីមួយ ដែលពួកគាត់ដាក់ឈ្មោះថា «ភូមិឥស្លាមថ្មី»។
លោក លី រី តំណាងសាសនិកឥស្លាមក្នុងភូមិនិយាយថា ពួកគាត់សុទ្ធតែអ្នករស់នៅភូមិស្រុកឆ្ងាយៗ ហើយរកស៊ីនេសាទត្រីកំប៉ិកកំប៉ុក គ្រាន់បានចិញ្ចឹមក្រពះ ចេះតែរសាត់អណ្ដែត ក៏បានមកជួបគ្នាច្រើនឡើងៗ លោកមានគំនិតចង់បង្កើតភូមិមួយគ្រាន់មានផ្ទះស្នាក់នៅនឹងគេ ទើបគាត់បានប្រមូលគ្នីគ្នាដែលសុទ្ធតែអ្នកស្នាក់នៅលើទូក មកជុំគ្នា រៃអង្គាសលុយ ទិញបានដីទំហំតូចមួយ នៅទីតាំងឃុំកោះខ្សាច់ទន្លា តែដីនោះមានសភាពមិនទាន់សមប្រកបនឹងទំហំសមាមាត្រនៃចំនួនគ្រួសារក្នុងក្រុមរបស់គាត់ឡើយ ខណៈគម្រោងក្នុងភូមិគ្រោងបង្កើតនោះរួមមាន៖ ផ្ទះតូចល្មមជិត១០០ខ្នង វិហារឥស្លាមមួយ ឬ ស៊ូរាវមួយ សាលារៀនឥស្លាមមួយ ទីបញ្ចុះសព ការចាក់ដីឬខ្សាច់ឱ្យផុតទឹកនារដូវទឹកតំឡើង យ៉ាងហោចណាស់កម្ពស់១ម៉ែត្រកន្លះ ការរៀបចំផ្លូវចូលភូមិអោយបានធំល្មម និង ងាយស្រួលការតបណ្ដាញអគ្គិសនី អណ្ដូងទឹក ឬ ម៉ូទ័របូមទឹកពីទន្លេបង្គន់អនាម័យ ជាដើម។
លោកបន្តថា សព្វថ្ងៃនេះ មានដីខ្លះហើយ ដែលសមល្មមសំរាប់៤៥គ្រួសារ តែនៅសល់ពាក់កណ្ដាលទៀត ពុំទាន់មានដីនៅឡើយ អីចឹងមានតែស្នើសុំដីទំហំមួយល្មមបន្ថែមទៀតទើបអាចបង្រ្គប់ចំនួនពួកគាត់បាន។
ប៉ុន្តែកត្តាសំខាន់នោះ ពួកគាត់ទាំង៤៥គ្រួសារដែលបានដីនោះ មិនទាន់មានលទ្ធភាពធ្វើផ្ទះនៅឡើយទេ ដោយពួកគាត់បានសង់ខ្ទមតូចៗ ហើយខ្លះសូម្បីខ្ទមមួយស្នាក់នៅ ក៏មិនមានលទ្ធភាពសង់ឱ្យរួចរាល់ផងដែរ និង នៅសល់ពាក់កណ្ដាលទៀត គឺគ្មានទាំងដី គ្មានទាំងផ្ទះ។
សាសនិកឥស្លាមក្នុងភូមិតំណាងពួកគាត់ទាំងអស់ ស្នើសុំជំនួយពីសម្ដេចតេជោ និងសម្តេតកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជន និង បណ្ដាអង្គការសមាគមនានា មេត្តាជួយដោះស្រាយទុក្ខលំបាករបស់ពួកគាត់ផង៕