(ភ្នំពេញ)៖ អត្រាពុលចំណីអាហារ នៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៧ បានធ្លាក់ចុះនៅសល់ត្រឹម៩ករណីប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៧ មានចំនួន១៩ករណី។ នេះបើតាមលោកបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល។
លោកបណ្ឌិត ហេង ប៊ុនគៀត បានឱ្យដឹង នៅក្នុងពិធីចែកវិញ្ញាបនបត្រ អនាម័យចំណីអាហារ ដល់ម្ចាស់ភោជនីយដ្ឋាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ថា ក្នុងឆ្នាំ២០១៧នេះ អត្រាពុលអាហារ មានការធ្លាក់ចុះ គឺមានតែ៩ករណីតែប៉ុណ្ណោះ ដោយឡែកឆ្នាំ២០១៦ មាន១៩ករណី និងឆ្នាំ២០១៥ មានចំនួន៣៣ករណីឯណោះ។
មន្រ្តីជំនាញក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតថា ការធ្លាក់ចុះនៃករណីពុលចំណីអាហារនេះ ដោយសារតែប្រជាពលរដ្ឋ បានចាប់ផ្តើមយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ ហើយម្ចាស់ភោជនីយដ្ឋាន ឬអ្នកលក់អាហារក៏ចាប់ផ្តើមបង្កើនស្តង់ដារអនាម័យរបស់ខ្លួនជាបណ្តើរៗផងដែរ។
បើតាមប្រធាននាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល ពេលនេះ ក្រសួងសុខាភិបាល បាននិងកំពុង បណ្តុះបណ្តាលអំពីអនាម័យចំណីអាហារ ដល់ម្ចាស់ភោជនីយ៍ដ្ឋាននានា ដើម្បីបង្កើតស្តង់ដារខ្ពស់សម្រាប់ភោជនីយដ្ឋានរបស់ពួកគេ។ ការបណ្តុះបណ្តាលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាពុលចំណីអាហារ ឬពុលសារធាតុគីមី នៅក្នុងអាហារ។
លោកបន្ដថា នៅកម្ពុជាមានភោជនីយដ្ឋាន៤៨ភាគរយហើយ ក្នុងចំណោមភោជនីយដ្ឋាន៤ពាន់កន្លែង ដែលទទួលបាន ការបណ្ដុះបណ្ដាល ឬវិញ្ញាបនបត្រ អនាម័យចំណីអាហារ និងគោលការណ៍អនុវត្ដន៍ល្អ ពីក្រសួងសុខាភិបាលនេះ ហើយក្រសួងនឹងបន្តបណ្តុះបណ្តាលភោជនីយដ្ឋានដែលសនៅសសសល់តទៅទៀត។
មន្រ្តីក្រសួងសុខាភិបាល ក៏បានអំពាវនាវ ដល់ម្ចាស់ភោជនីយដ្ឋាននានាផ្សេងទៀត ទំនាក់ទំនងទទួលយកការបណ្តុះបណ្តាលផងដែរ៕