(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានលើកសរសើរ អំពីវីរភាពនារីដោះមីនម្នាក់ ឈ្មោះ ឆាង ចន្ធី ដែលមានសមត្ថភាពខ្ពស់ និងមានភាពក្លាហាន សកម្មមុះមុត ក្នុងការងារដោះមីន។
ជាក់ស្ដែង អ្នកនាង ឆាង ចន្ធី បានទទួលចំមុខព្រួញគ្រាប់មីនតោន ហើយចន្ធីរកឃើញគ្រាប់មីនតោន ចំនួន៣គ្រាប់ ក្នុងចំណោមគ្រាប់មីនតោនចំនួន៤គ្រាប់ នៅក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងចំការមីនតែមួយ ដែលបានរកឃើញនៅចន្លោះ ថ្ងៃប្រតិបតិ្តការ ថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា «អ្នកនាង ឆាង ចន្ធី បានចូលបំរើជាអ្នកជំនាញដោះមីន នៅឆ្នាំ២០០៦ ក្នុងរយៈពេលបំរើការងារជាង១២ឆ្នាំនេះ នាងដោះមីនបានជាង២០០ គ្រាប់ហើយ! ខ្ញុំសូមកោតសរសើរ និងមានមោទនភាពចំពោះការខិតខំ ពុះពារការលំបាក និងហ៊ានបូជាជីវិតខ្លួនឯង ដើម្បីសេចក្តីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ និងសង្គមជាតិ»។
ជាមួយគ្នានោះ លោក ហេង រតនា បានបញ្ជាក់ផងដែរថា នៅស្រុកម៉ាឡៃនេះ ត្រូវបានអង្គភាពភូមិភាគទី១ នៅទិសខេត្តបន្ទាយមានជ័យ-ឧត្តរមានជ័យ រុករកឃើញគ្រាប់មីនតោន ចំនួន៩៩៧ គ្រាប់ហើយ។
លោក ហេង រតនា ក៏អំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរ រួមគ្នារក្សាសន្តិភាព ដែលរកបានមកវិញ យ៉ាងលំបាកបំផុត និងសូមទាត់ចោលវប្បធម៌ពឹងបរទេសកៀគរបរទេស ដើម្បីគាបសង្កត់ និងបង្កសង្គ្រាមសម្លាប់កូនខ្មែរ។ លោកថា «មានសុខសុវត្ថិភាព សន្តិភាព គឺមានការពង្រឹងលទិ្ធប្រជាធិបតេយ្យ សិទិ្ធមនុស្ស និងអ្វីៗ ជាក្តីសង្ឃឹមសំរាប់សង្គមជាតិខែ្មរទាំងមូល»៕