(ភ្នំពេញ)៖ ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកសាកលវិទ្យាល័យពិភពលោក ឆ្នាំ២០១៧ ក្រោមពាក្យស្លោក «ដើម្បីការស្រលាញ់សន្ដិភាព និងមនុស្សធម៌» លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា បវរកញ្ញាពិភពលោក គឺជាអ្នកផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា បន្តទៅកាន់ពិភពលោកឲ្យបានស្គាល់ច្បាស់ និងទាក់ទាញកំណើនទេសចរបន្ថែមមកទស្សនាកម្ពុជា។
កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកសាកលវិទ្យាល័យពិភពលោក ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដែលមានបវរកញ្ញាមកពី ៨២ប្រទេស រួមមាន៨៦នាក់ ក្នុងនោះកម្ពុជាមានចំនួន៣នាក់។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា កម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។ ទេសចរណ៍វប្បធម៌ ពិតជាអាទិភាពចម្បង ផ្អែកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នៅតំបន់សៀមរាប-អង្គរ ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ខណៈដែលទេសចរណ៍ធម្មជាតិរបស់កម្ពុជា ក៏មានសក្តានុពលដ៏ធំធេង អាចប្រកួតប្រជែងក្នុងតំបន់បានយ៉ាងល្អប្រសើរផងដែរ។
លោកបានបន្តថា ឆ្នាំ២០១៦ វិស័យទេសចរណ៍កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិចំនួនជាង ៥លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។ ហើយក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិមានចំនួនជាង ៤.៣លាននាក់ កើនឡើង១០.៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។
តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ នៅឆ្នាំ២០១៧នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលសរុបប្រមាណ ៥០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារដោយផ្ទាល់បានប្រមាណ ១លាននាក់ ហើយចំនួនទេសចរអន្តរជាតិនេះ អាចកើនដល់ប្រមាណ ១០លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ជាមួយចំណូលសរុបប្រមាណ ១០ ពាន់លានដុល្លារអាមេរិក បង្កើតឱកាសការងារដោយផ្ទាល់ប្រមាណ២លាននាក់។ ព្រមជាមួយនេះ នៅឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរក្នុងស្រុករំពឹងថានឹងមានចំនួន ១១លាននាក់ និងកើនដល់ប្រមាណ១៣លាននាក់ នៅឆ្នាំ២០២០ និង ២០លាននាក់ នៅឆ្នាំ២០៣០។
ដើម្បីបង្កើនការចូលរួមរបស់យុវជន ពង្រឹងនូវសិទ្ធិអំណាចរបស់យុវជន ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាកិច្ចការសង្គម លោករដ្ឋមន្ត្រី ថោង ខុន បានផ្តល់នូវអនុសាសាន៍មួយចំនួន ដូចខាងក្រោម៖
ទី១៖ ត្រូវបង្កើននូវឱកាសដល់យុវជនក្នុងការចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច៖ គ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន អង្គការជាតិ-អន្តរជាតិ ត្រូវបង្កើនកិច្ចសហការ និងខិតខំធ្វើយ៉ាងណាឲ្យប្រសើរឡើងនូវបរិយាកាសទីផ្សារការងារ និងសហគ្រិនភាពសម្រាប់យុវជន ពង្រឹងភាពជាដៃគូជាមួយយុវជនគ្រប់ស្រទាប់វណ្ណៈក្នុងការអប់រំ បណ្តុះបណ្តាល ដើម្បីងាយស្រួលឈានទៅរកទីផ្សារការងារឲ្យកាន់តែទូលំទូលាយ និងពង្រឹងការចូលរួមរបស់យុវជន ដោយផ្តល់បទពិសោធន៍ដល់យុវជន។
ទី២៖ ត្រូវជំរុញការចូលរួមរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្ត៖ លើកទឹកចិត្តដល់យុវជនក្នុងការចូលរួមការងារស្ម័គ្រចិត្ត ជាលក្ខណៈអន្ដរជាតិ នៅតាមបណ្ដាប្រទេសនានាក្នុងតំបន់ ដោយអាចចូលរួមបម្រើការងារក្នុងស្ថាប័នផ្សេងៗ ដើម្បីទទួលបានបទពិសោធន៍ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍជាតិ តំបន់ និងសកលលោកទាំងមូល។
ទី៣៖ ត្រូវជំរុញការពង្រឹងសមត្ថភាព និងការអភិវឌ្ឍជំនាញដល់យុវជន៖ យុវជនខ្លួនឯងត្រូវបន្ដពង្រឹងសមត្ថភាព ជំនាញបច្ចេកទេស និងចំណេះធ្វើរបស់ខ្លួនឲ្យបានល្អ។
ជាមួយគ្នានេះ ត្រូវមានការរៀបចំកម្មវិធីតំរង់ទិសនានាឱ្យបានច្រើន ទាំងនៅកម្រិតតំបន់ និងថ្នាក់ជាតិ ដូចជា កម្មវិធីតម្រង់ទិសវិជ្ជាជីវៈសម្រាប់យុវជន កម្មវិធីតម្រង់ទិសការងារសម្រាប់យុវជន កម្មវិធីពង្រឹងតួនាទី និងការចូលរួមរបស់យុវជនក្នុងសេវាសាធារណៈ កម្មវិធីជំរុញការចូលរួមរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្ត និងកម្មវិធីតម្រង់ទិសសហគ្រិនភាពសម្រាប់យុវជនវ័យក្មេង៕