(ភ្នំពេញ)៖ លោក ប៉ាស្កាល់ ឡាម៉ី (Pascal Lamy) អតីតអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ហើយបច្ចុប្បន្នជាប្រតិភូអន្តរក្រសួង ទទួលបន្ទុកពិព័រណ៌ពិភពលោក ឆ្នាំ២០២៥ បានស្នើសុំការគាំទ្រពីប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀតដែលជាសមាជិក នៃពិពណ៌អន្តរជាតិនេះ ចំពោះបេក្ខភាពរបស់ប្រទេសបារាំង ក្នុងការទទួលរៀបចំពិព័រណ៌ពិភពលោក នៅឆ្នាំ២០២៥។
ការលើកឡើងពីសំណើនេះ បានធ្វើឡើងក្នុងសន្និសីតកាសែត នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងស្ថានទូតបារាំងប្រចាំនៅកម្ពុជា។
លោក ប៉ាស្កាល់ ឡាម៉ី បានថ្លែងថា នៅក្នុងបេក្ខភាពរបស់ខ្លួន បារាំងបានជ្រើសរើសយកប្រធានបទ «ចំណេះដឹងត្រូវចែករំលែកភពដែនដី ដែលត្រូវការពារ» ដោយផ្តោតសំខាន់ទៅលើអនាគត និងយុវជន។ បារាំងគ្រោងរៀបចំពិព័រណ៌នេះឡើងនៅតំបន់សាក្លេយ នាភានរតីទីក្រុងប៉ារីស ដែលជាប៉ូលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ធំរបស់ពិភពលោក។ ដូច្នេះភូមិសកលមួយនឹងត្រូវបង្កើតឡើងសម្រាប់ការប្រាព្ធពិព័រណ៌រយៈពេល៦ខែ ហើយបន្ទាប់មកនឹងក្លាយជាលំហសកល មួយសម្រាប់ទទួលនិស្សិត ឬក្រុមហ៊ុនមកពីប្រទេស ដែលបានចូលរួមនៅក្នុងពិព័រណ៌។
លោក ប៉ាស្កាល់ បានបន្តថា សម្រាប់តំណែងធ្វើជាម្ចាស់ផ្ទះពិព័រណ៌ពិភពលោកឆ្នាំ២០២៥ មានការប្រចូលរួមប្រកួតប្រជែងចំនួន៤ប្រទេស គឺប្រទេសបារាំង ប្រទេសរុស្ស៊ី ប្រទេសជប៉ុន និងប្រទេសអាហ្សេបាហ្សង់។ សម្រាប់ប្រទេសម្ចាស់ផ្ទះនៃពិធីនេះនឹងត្រូវជ្រើសរើសជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៨ តាមរយៈការបោះឆ្នោតពីសំណាក់ប្រទេសចំនួន១៧០ ដែលជាសមាជិក ការិយាល័យពិព័រណ៌អន្តរជាតិ ក្នុងនោះក៏មានកម្ពុជាផងដែរ។
សូមរំលឹកថា ប្រទេសបារាំងធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៌ពិភពលោកធំៗចំនួន៥ដងរួចមកហើយកាលពីសតវត្សទី១៩ គឺនៅឆ្នាំ១៨៥៥ ឆ្នាំ១៨៦៧ ឆ្នាំ១៨៨៩ និងឆ្នាំ១៩០០ ព្រមទាំងបានរៀបចំពិព័រណ៌អន្តរជាតិមួយស្តីពីសិល្បះ ណិងបច្ចេកទេសក្នុងជីវភាពទំនើបកាលឆ្នាំ១៩៩៧៕