(ភ្នំពេញ)៖ តារាសម្តែងប្រុសស្រីល្បីឈ្មោះមួយគូ គឺលោក អេឡិច ហ្សូរ៉ា និងតារាស្រី កញ្ញា ឌី សូនីតា បានធ្វើឲ្យមហាជនមានមន្ទិលទៅលើទំនាក់ទំនង អ្នកទាំងពីរថាអាចឈានដល់បង្កើតភ្លើងស្នេហាជាមួយគ្នា ក្រៅឆាកដោយសារតែអ្នកទាំងពីរមានភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នាខ្លាំង តែជារឿយៗអ្នកទាំងពីរតែងអះអាងថា ទំនងទំនងអ្នកទាំងពីរ ត្រឹមជា Bro& sis។ ប៉ុន្តែថ្មីៗនេះអ្នកទាំងពីរបានរំលេចបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ផ្ដើមស្នេហ៍នៅស៊ីដនី» ដែលធ្វើឲ្យអ្នកគាំទ្រដាក់ការសង្ស័យថា បទចម្រៀងនេះគឺសរបញ្ជាក់ពីស្នេហាអ្នកទាំងពីរ។
បទចម្រៀងក្រោមចំណងជើងថា «ផ្ដើមស្នេហ៍នៅស៊ីដនី»ដែលជាបទOriginal Song របស់តារាសម្ដែង ឌី សូនីតា បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែក្នុងបទចម្រៀងនោះគឺនាងច្រៀងរៀបរាប់ពីប្រវត្តិស្នេហ៍ រួចជាមួយការបង្ហាញកាយវិការ ផ្អែមល្ហែមជាមួយលោក ចន អេឡិចហ្សូរ៉ា ដែលមើលទៅអ្នកទាំងពីរហាក់ចង់បង្ហាញពីពន្លកស្នេហា របស់អ្នកពីរដែលកើតឡើងនៅក្នុងអំឡុងពេលអ្នកទាំងពីរដឹកដៃគ្នាទៅសម្តែង នៅអូស្ត្រាលី។
តាមរយ:អត្ថន័យបទចម្រៀងបានបង្ហាញថា អនុស្សាវរីយ៍ពីការរាប់អាន និងពីមិត្តភាព បានធ្វើឲ្យឌី សូនីតា ស្រឡាញ់លោកអេឡិចហ្សូរ៉ា ដោយមិនដឹងខ្លួនអ្នកទាំង២មិនត្រឹមតែបានបង្ហាញសកម្មភាព លើសពីគូស្នេហ៍ប៉ុណ្ណោះទេ តែក៏បានបង្ហាញពីសកម្មភាពអោបរឹត និងថើបមាត់គ្នាផងដែរ សូម្បីតែអ្នកទស្សនាក៏ច្រណែននឹងភាពល្អែមល្ហែមរបស់អ្នកទាំង២។
ជុំវិញចម្ងល់ទាំងអស់នេះត្រូវបាន សាម៊ីខ្លួន លោក អេឡិច ហ្សូរ៉ា បកស្រាយប្រាប់ឲ្យដឹងថា បទ «ផ្ដើមស្នេហ៍នៅស៊ីដនី» លោក និង កញ្ញា ឌី សូនីតា បានតាក់តែងនិពន្ធឡើង ក្នុងគោលបំណងចង់ផ្តល់ជាកាដូសម្រាប់ អ្នកគាំទ្រ ហើយមួយទៀតមុនពេលចេញទៅសម្តែងនៅអូស្ត្រាលី អ្នកទាំងពីរបានណាត់គ្នាផលិតបទចម្រៀងនេះ ទើបចំណងជើងទាក់ទងនិងស៊ីដនី តែម្តងទៅ។
ដោយឡែកបើនិយាយពីអត្ថន័យបទចម្រៀង ថាជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងស្នេហាអ្នកទាំងពីរ គឺលោកស្នើឲ្យតាមដានពីទំនាក់ទំនងរបស់លោក និងដៃគូ ដោយលោកមិនទាន់ប្រកាស១០០ភាគរយថា ដូចនឹងអត្ថន័យក្នុងបទចម្រៀងនោះទេ ប៉ុន្តែលោកថាអ្វីៗនឹងអាចលើសពីអ្វីដែលបានបង្ហាញនោះផងក៏ថាបាន៕