(ភ្នំពេញ)៖ គ្រាដែលសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនមានភាពរកាំរកូសជាមួយកម្ពុជាព្រោះការរំលាយគណបក្សសង្គ្រោះជាតិរឿងប្រព្រឹត្តទង្វើក្បត់ជាតិនោះ ប្រទេសជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយលើពិភពលោក មិនត្រឹមតែមិនបានបង្ហាញប្រតិកម្មអ្វីនោះទេ ថែមទាំងបានចេញមកប្រកាសពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួមទាំងផ្នែកនយោបាយផងដែរ។

ក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសរបស់ព្រះចៅអធិរាជជប៉ុន ជូនលោកបណ្ឌិត គាត ឈន់ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជានាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ លោកឯកអគ្គរាជទូតជប៉ុន ហ៊ីដេហ៊ីសា ហូរីណូឈី បានថ្លែងថា «ប្រទេសជប៉ុន នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យរួមមានវិស័យនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាវប្បធម៌ ការផ្លាស់ប្តូរទំនាក់ទំនងយុវជន និងសន្តិសុខជាដើម»

លោកឯកអគ្គរាជទូត ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ភាគីពាក់ទាំងអស់នៃប្រទេសជប៉ុន និងកម្ពុជា នឹងរួមសហការគ្នា ដើម្បីអនាគតប្រកបដោយភាពរីកចម្រើននៃប្រទេសទាំងពីរ។

ជាការកត់សម្គាល់ក្រោយពេលតុលាការកំពូលរបស់កម្ពុជាកាត់រំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់ការធ្វើនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះរយៈ៥ឆ្នាំកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានបណ្តាប្រទេសលោកសេរីមួយចំនួនដូចជាអាមេរិក និងសហគមន៍អឺរ៉ុបបានសម្តែងការប្រតិកម្ម។ ផ្ទុយទៅវិញប្រទេសជាមិត្តភក្តិរបស់កម្ពុជា រួមទាំងប្រទេសជប៉ុន ដែលជាប្រទេសពោរពេញដោយប្រជាធិបតេយ្យនៅតំបន់អាស៊ីមួយដែរនោះ មិនបង្ហាញប្រតិកម្មអ្វីនោះឡើយ។

មិនត្រឹមតែមិនបង្ហាញប្រតិកម្មនោះទេ ជប៉ុន បានបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាថែមទៀតផង។ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនប្រមាណ ២៨លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាផ្តល់ជូនកម្ពុជាសម្រាប់សាងសង់វិទ្យាស្ថានគរុកោសល្យ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។

បើតាមលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រទេសជប៉ុន គឺជាប្រទេសដែលផ្តល់ជំនួយដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា ជួយកែលំអសេវាកម្មសង្គម ដូចជាសុខាភិបាល អប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្ស។

ប្រមុខការទូតកម្ពុជា បានអះអាងថា នៅឆ្នាំ២០១៧នេះ ជប៉ុនបានផ្តល់ជំនួយសរុប ៣១២លានដុល្លារអាមេរិកដល់កម្ពុជា។

នៅឆ្នាំ២០១៨ខាងមុខនេះ គឺជាខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងជប៉ុន។ រាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតជប៉ុន គ្រោងនឹងរៀបចំពិធីជាច្រើនដើម្បីអបអរសាទរនៃចំណងទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ៕