(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ បណ្តាញព័ត៌មាន Fresh News មានកិច្ចសម្ភាសន៍ពិសេសជាមួយលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបចំពោះសំណើព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ ដែលធ្វើឡើងដោយ ក្រុមអ្នកប្រឆាំងក្រៅច្បាប់។
កិច្ចសម្ភាសន៍នេះ មានខ្លឹមសារដូចតទៅ៖
Fresh News ៖ តើច្បាប់ចែងយ៉ាងណាខ្លះអំពីអាសនៈរបស់សមាជិកអង្គការសហប្រជាជាតិ?
លោក ជុំ សុន្ទរី ៖ មាត្រា៦នៃធម្មនុញ្ញអង្គការសហប្រជាជាតិ(អ.ស.ប) បានចែងថា៖ «សមាជិករបស់អ.ស.ប ដែលបានបំពានជាប់លាប់លើគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញបច្ចុប្បន្ន អាចនឹងត្រូវបណ្តេញចេញពីអង្គការនេះ ដោយមហាសន្និបាត អនុលោមទៅតាមអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ»។ (A member of the United Nations which has persistently violated the Principles contained in the present Charter may be expelled from the Organization by the General Assembly upon the recommendation of the Security Council).
Fresh News ៖ តើបច្ចុប្បន្ននេះ កម្ពុជាបានបំពានទៅលើគោលការណ៍របស់អង្គការសហប្រជាជាតិដែរឬទេ?
លោក ជុំ សុន្ទរី៖ បើពិនិត្យលើអង្គហេតុ និងអង្គច្បាប់ ចំពោះករណីកម្ពុជា យើងឃើញថា៖
* អង្គហេតុ៖ កម្ពុជាជាប្រទេសដែលគោរពប្រតិបត្តិយ៉ាងត្រឹមត្រូវខ្ជាប់ខ្ជួនតាមគោលការណ៍នានារបស់ធម្មនុញ្ញ អ.ស.ប។ ការចាត់វិធានការណ៍របស់ស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ របស់ប្រទេសអធិបតេយ្យមួយ ដែលស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានារបស់ខ្លួន ហើយពិសេសទៅទៀតដែលមានគោលដៅទប់ស្កាត់ការឃុបឃិតក្បត់សំដៅផ្តួលរំលំដោយមធ្យោបាយមិនប្រជាធិបតេយ្យ នូវរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ហើយនិងពង្រឹងនីតិរដ្ឋ រក្សាការពារសន្តិភាព ស្ថិរភាព និងសមិទ្ធផលលើគ្រប់វិស័យរបស់ប្រទេសជាតិ ពុំអាចមានលទ្ធភាពណាមួយ ត្រូវបានចាត់ទុកថា ជាការរំលោភបំពានលើធម្មនុញ្ញអ.ស.ប បានឡើយ។ ផ្ទុយទៅវិញ កម្ពុជាកំពុងទទួលរងការរំលោភបំពានរបស់ប្រទេសខ្លះ ទៅលើធម្មនុញ្ញអ.ស.ប ត្រង់មាត្រា២ស្តីពីការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអ.ស.ប។
* អង្គច្បាប់៖ «…. អាចនឹងត្រូវបានបណ្តេញចេញពីអ.ស.ប ដោយមហាសន្និបាត អនុលោមទៅតាមអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ»។ ដូចនេះ ជំហានដំបូងនៃនីតិវិធីគឺការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលក្នុងនោះត្រូវមានការយល់ព្រមពីសមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប។ ជំហានបន្ទាប់ គឺត្រូវឆ្លងកាត់ការសម្រេចរបស់មហាសន្និបាត។
Fresh News ៖ អញ្ចឹងតើ ក្រុមអ្នកប្រឆាំងក្រៅច្បាប់ អាចជំរុញឱ្យអង្គការសហប្រជាជាតិ ព្យួរអាសនៈរបស់កម្ពុជាបានឬទេ?
លោក ជុំ សុន្ទរី ៖ អង្គហេតុ និងអង្គច្បាប់ខាងលើនេះ បានបង្ហាញឱ្យឃើញច្បាស់ថា ពុំមានលទ្ធភាពដ៏តិចតួចសោះឡើយ ក្នុងការបណ្តេញកម្ពុជា ចេញពីអ.ស.ប។ ការលើកឡើងពីការបណ្តេញកម្ពុជាចេញពីអ.ស.ប គ្រាន់តែជាការទូងស្គរឱ្យលឺសំឡេងខ្លាំង តែធាតុពិតគឺប្រហោងក្នុងតែប៉ុណ្ណោះ៕