(ភ្នំពេញ)៖ គ្រឿងឥស្សរិយយស Grand Cordon of the Order of the Rising Sun របស់ព្រះចៅអធិរាជជប៉ុន Akito ត្រូវបានប្រគល់ជូនដល់ដៃលោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ហើយ។ ពិធីប្រគល់គ្រឿងឥស្សរិយយសនេះ ត្រូវបានធ្វើឡើងនៅស្ថានទូតជប៉ុន នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ហើយត្រូវបានប្រគលដោយឯកអគ្គរាជជប៉ុនប្រចាំនៅកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណូឈី។
ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសនេះ លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងអតីតឯកអគ្គរដ្ឋទូតជប៉ុនចំនួន ០៨រូបទៀត ព្រមទាំងសហការីទាំងអស់នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា តាំងពីនីតិកាលទី១ នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា យុគសម័យទី២ ដែលតែងតែយកចិត្តទុកដាក់រាល់សកម្មភាពការងារនិងទំនាក់ទំនងគ្រប់ប្រភេទរបស់កិត្តិសេដ្ឋាបណ្ឌិត និងបានខិតខំជម្រាបជូនរដ្ឋាភិបាលជប៉ុន រហូតរដ្ឋាភិបាលជប៉ុនសម្រេចផ្តល់គ្រឿងឥស្សរិយយសដ៏វិសេសវិសាលបំផុត «The Grand Cordon of the Order of the Rising Sun» ដល់រូបកិត្តិសេដ្ឋាបណ្ឌិត។
លោកឯកអគ្គរាជទូតជប៉ុន ហ៊ីដេហ៊ីសា ហូរីណូឈី បានថ្លែងថា លោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា តាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ប្រជាជនកម្ពុជានូវកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនតាំងពីដំណាក់កាលកសាងសន្តិភាពរហូតដល់ការស្តារឡើងវិញរបស់ប្រទេសកម្ពុជា។
លោកឯកអគ្គរាជទូតបន្តថា លោក គាត ឈន់ ក៏បានជួយគាំទ្រយ៉ាងខ្លាំងក្លាក្នុងការជំរុញការអនុវត្តន៍ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតលើសហគ្រាសជប៉ុនផងដែរ។
ដោយសារតែឆ្នាំ២០១៨ ជាខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុនផងដែរនោះ ក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសនេះ លោកបណ្ឌិត គាត ឈន់ និងឯកអគ្គរាជទូតជប៉ុន បានរំលឹកពីប្រវត្តិទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។
លោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានបង្ហាញនូវជំនឿថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន នឹងបន្តពង្រឹងថែមទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្ពុជាផង សម្រាប់ជប៉ុនផង ព្រមទាំងដល់តំបន់និងពិភពលោកផង។
លោកឯកអគ្គរាជទូតជប៉ុន បានគូសបញ្ជាក់ថា ប្រទេសជប៉ុន នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យរួមមានវិស័យនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាវប្បធម៌ ការផ្លាស់ប្តូរទំនាក់ទំនងយុវជន និងសន្តិសុខជាដើម។ លោកក៏សង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់នៃប្រទេសជប៉ុន និងកម្ពុជា នឹងរួមសហការគ្នា ដើម្បីអនាគតប្រទេសទាំងពីរទទួលបានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត៕