(ឧត្តរមានជ័យ)៖ ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិការ ព្រមទាំងតំណាងយុវជនក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែនដីសមរភូមិប្រយុទ្ធចុងក្រោយរបស់ខ្មែរក្រហម នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ក្រុមថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសកំពុងធ្វើសកម្មភាពយ៉ាងសកម្មប្រឆាំងជាមួយភាពសុខសាន្តរបស់ប្រជាជន និងការរីកចម្រើនរបស់សង្គមជាតិ។
ក្នុងកិច្ចសំណេះសំណាលនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលមានការចូលរួមពីនាយឧត្តមសេនីយ៍ ជា តារា ផងដែរនោះ នាយឧត្តមសេនីយ៍ គន់ គីម ដែលមានតួនាទីជាប្រធានគណៈពង្រឹងការងារក្នុងខេត្តឧត្តរមានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ភាពសុខសាន្ត និងការរីកចម្រើនរបស់ប្រទេសជាតិ។ ជាក់ស្តែងស្រុកអន្លង់វែង ដែលធ្លាប់តែជាសមរភូមិប្រយុទ្ធ និងជាទឹកដីតស៊ូចុងក្រោយរបស់ខ្មែរក្រហម ក៏ត្រូវបានអភិវឌ្ឍន៍ឲ្យរីកចម្រើន និងប្រែមុខមាត់ថ្មីផងដែរនាពេលបច្ចុប្បន្ន។
លោក គន់ គីម បានថ្លែងថា «ក្រុមអ្នកនយោបាយដែលបាត់បង់សិទ្ធិនយោបាយកំពុងធ្វើសកម្មភាពអំពាវនាវឲ្យបរទេសដាក់កម្មមកលើកម្ពុជា។ ទង្វើរបស់ពួកគេ គឺជាការប្រឆាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេសជាតិ យើងត្រូវនាំគ្នាកត់ចំណាំទុកនូវទង្វើដ៏អាក្រក់របស់ពួកគេនេះ។ យើងខំប្រឹងដើម្បីភាពរីកចម្រើនរបស់ប្រជាជន និងប្រទេសជាតិ ពួកគេបែរជាប្រឹងរាំងខ្ទប់ទៅវិញ»។
មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកបក្សប្រជាជនកម្ពុជានៅក្នុងស្រុកអន្លង់វែង ត្រូវចុះណែនាំប្រជាពលរដ្ឋកុំឲ្យចាញ់បោកការញុះញង់របស់ក្រុមអ្នកនយោបាយបាត់បង់សិទ្ធិធ្វើនយោបាយទៅធ្វើសកម្មភាពនាំឲ្យជាតិជួបភាពវឹកវរ៕