(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នេះ បានដឹកនាំកិច្ចប្រជុំមួយ ដោយពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងសកម្មភាពទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់តាមគេហទំព័របស់ខ្លួនថា ក្រសួងតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យតាមដានសកម្មភាពទាំងឡាយណា ដែលធ្វើឡើងក្នុងន័យ និងរូបភាពប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញនៃកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ នាយកដ្ឋានព័ត៌មានវិទ្យា របស់ក្រសួងមហាផ្ទៃក៏បានស៊ើបអង្កេត និងបិទ Facebook មួយឈ្មោះ «សមាគមវៀតណាមនៅកម្ពុជា» ដែលបានប្រមាថដល់ព្រះមហាក្សត្រខ្មែរផងដែរ។
លទ្ធផលនេះ ធ្វើឡើងតាមការចង្អុលបង្ហាញរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕