(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូមជ្ឈមណ្ឌលហាឡាលពិភពលោក នៃប្រទេសអារ៉ាប៊ីសាអូឌីត ដឹកនាំដោយលោក Saad Allehyani ជាប្រធាន ដើម្បីចែករំលែកពីឱកាស នៃការពង្រីកវិសាលភាពឧស្សាហកម្មហាឡាលនៅកម្ពុជា ទៅក្នុងទីផ្សារហាឡាលអន្តរជាតិ ក៏ដូចជាវិញ្ញាបនបត្រឲ្យមានការទទួលស្គាល់ ដោយមជ្ឈមណ្ឌលហាឡាលពិភពលោក។
ពិធីនេះធ្វើឡើង នៅឯការិយាល័យផ្ទាល់ខ្លួនរបស់លោករដ្ឋមន្រ្តីប្រតិភូនៅទីលាន មជ្ឈមណ្ឌលផ្សារទំនើបមេហ្គាម៉ល។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានជម្រាបពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជាលើគ្រប់វិស័យ ខណៈកណើនសេដ្ឋកិច្ចកម្ពុជាមានកំណើនមធ្យមជាង៧ភាគរយប្រចាំឆ្នាំ ជាពិសេសវិស័យហាឡាលក៏ជាទិសដៅសំខាន់ ដែលរារដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ជំរុញឲ្យមានអ្នកវិនិយោគនៅកម្ពុជា និងការពង្រីកផលិតផលហាឡាលពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលទាមទារឲ្យមានការទទួលស្គាល់ពីស្ថាប័នអភិវឌ្ឍន៍វិស័យហាឡាលទាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងនោះដែរកម្ពុជា ក៏សង្ឃឹមឲ្យមានកិច្ចសហការជ្រោមជ្រែង ពីមជ្ឈមណ្ឌលហាឡាលពិភពលោកផងដែរ។
លោកឧកញ៉ា លើកឡើងថា ដើម្បីជំរុញវិនិយោគិនបរទេស រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រុញនិង ផ្តល់នូវភាពងាយស្រួលច្រើនដល់ការវិនិយោគគ្រប់លំដាប់ ជាពិសេសកាតបន្ធូរបន្ថយពន្ឋជាដើម។
ជាការឆ្លើយតប លោក Saad Allehyani ប្រធានមជ្ឈមណ្ឌលហាឡាលពិភពលោក បានបញ្ជាក់ថាក្នុងជំហានដំបូងនេះ ដើម្បីឆ្ពោះទៅចាប់យកការវិនោយោគឧស្សាហកម្មហាឡាលនៅកម្ពុជា គឺមជ្ឈមណ្ឌលហាឡាលពិភពលោក ក៏ដូចជាក្នុងនាមរដ្ឋាភិបាលអារ៉ាប៊ីសាអីឌីត បានឯកភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាខាមជ្ឈមណ្ឌពាណិជ្ជកម្មហាឡាលរបស់ខ្លួននៅកម្ពុជា និងការចុះបញ្ជីក្រុមហ៊ុនវិនិយោគឧស្សាហកម្មនៅកម្ពុជា។
លោកបន្តថាតាមរយៈគម្រោងពីរខាងលើ រដ្ឋាភិបាលអារ៉ាប៊ីសាអីឌីត ក៏ដូចជាមជ្ឈមណ្ឌលហាឡាលពិភពលោកនឹងផ្តោតសំខាន់ទៅលើការចាប់ផ្តើមជ្រើសរើស កម្លាំងពលកម្មជំនាញ ជាសាសនិកឥស្លាមនៅកម្ពុជា ឲ្យទៅទទួលការហ្វឹកហ្វឺនឯកទេសហាឡាល ពីភាគីអារ៉ាប់ ការពិនិត្យលទ្ធភាពផ្គត់ផ្គង់លក្ខណ្ឌបច្ចេកទេសហាឡាលជូនកម្ពុជា ការចាប់ផ្តើមពិនិត្យលទ្ធភាព លើផលិតផលវត្ថុធាតុដើមពីកម្ពុជា ដើម្បីនាំចេញទៅតំបន់អារ៉ាប់ ក្រៅពីនេះក៏មានគម្រោងជំរុញសកម្មភាពមនុស្សធម៌ ការពង្រឹងកិច្ចសហការលើសវិស័យសាសនា ក៏ដូចជាកិច្ចការហាជ្ជី ឲ្យដំណើរការបានរលូនជូនភាគីកម្ពុជា ខណៈកន្លងមកមានការរអាក់រអួលខ្លះដល់ការប្រព្រឹត្តទៅនៃកិច្ចការបញ្ជូនសាសនិក ដែលទៅបំពេញធម្មយាត្រាហាជ្ជនៅក្រុងម៉េកះ ប្រទេសអារ៉ាប៊ីដាអូឌីត ក្នុងគម្រោងនេះផងដែរ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏គ្រោងនឹងប្រមូលផ្តុំកម្លាំងធនធានបញ្ញវតន្តកម្ពុជា ដែលបញ្ចប់ការសិក្សាពីអារ៉ាប់ឲ្យសហការក្នុងកិច្ចការហាឡាលនៅកម្ពុជា៕