(ភ្នំពេញ)៖ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជា Cambodia Ice Skating Federation រួមសហការ ជាមួយមជ្ឈមណ្ឌលកម្សាន្តស្គីទឹកកកកម្ពុជា (Ice Park Cambodia) នឹងរៀបចំកម្មវិធីដ៏ធំប្រចាំ ឆ្នាំ២០១៧ ដើម្បីអបអរថ្ងៃបុណ្យណូអែលខាងមុខនេះ ដែលជាការសម្ដែងស្គីលើទឹកកកដ៏អស្ចារ្យ និងមានតែមួយគត់នៅកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ2017 ម៉ោង2រសៀល និងម៉ោង៥ល្ងាច និងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង៤ល្ងាច នៅទីលានជិះស្គីទឹកកកកម្ពុជា ជាន់ទី៤ ផ្សារទំនើបអ៊ីអន។

កីឡាករ ដែលជាសិស្សអាហាររូបករណ៍ស្គីទឹកកកទាំង៩០នាក់ កំពុងហ្វឹកហាត់យ៉ាង ស្វាហាប់ ដើម្បីត្រៀមខ្លួនបង្ហាញសមត្ថភាពតាមជំនាញរៀងៗខ្លួន ជាមួយក្បាច់រាំដ៏រស់រវើក តាមចង្វាក់ភ្លេងអបអរបុណ្យណូអែល។ កីឡាករទាំងអស់មានអាយុចាប់ពី៦ឆ្នាំ រហូតដល់វ័យជំទង់ ដែលត្រូវបានបណ្ដុះបណ្ដាលដោយគ្រូមានជំនាញ។

កម្មវិធីនេះមិនត្រឹមតែបង្ហាញពីការ សម្ដែងស្គីលើទឹកកកយ៉ាងសប្បាយរីករាយទៅកាន់សាធារណៈជនប៉ុណ្ណោះទេ តែថែមទាំង បង្កើនជំនាញសមត្ថភាពសម្ដែងឱ្យកាន់តែល្អប្រសើរឡើង ដែលជាភាពចាំបាច់សម្រាប់ការ ប្រកួតលើឆាកអន្តរជាតិនាពេលអនាគតផងដែរ។

ការសម្ដែងស្គីលើទឹកកកដ៏ធំប្រចាំឆ្នាំ២០១៧នេះ នឹងបើកឲ្យភ្ញៀវជាតិនិងអន្តរជាតិ ចូលទស្សនាដោយសេរី។ លោកអ្នកប្រាកដជាពេញចិត្តជាមួយនិងបរិយាកាសថ្មី អាកាសធាតុ ដ៏សែនត្រជាក់លើសគេ ការសម្ដែងដ៏ប្លែកអស្ចារ្យ និងធ្វើឱ្យលោកអ្នកទទួលបាននូវអារម្មណ៍ បុណ្យណូអែលពិតៗ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ៖ 023 966 730, Facebook: Ice Park Cambodia, Website: www.iceparkcambodia.com៕