(ភ្នំពេញ)៖ មានថេរៈដិកាក្នុងសន្និសីទកាសែតដែលប្រារព្ធធ្វើឡើង នៅថ្ងៃ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងរត្តកោះមេត្តាពោធិវង្ស ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ព្រះមហា តែម ម៉ាច តំណាងព្រះទេវត្ថា ពឿយ មេត្តា ចៅអធិការវត្តទាំង៨ ដែនដីពុទ្ធភូមិនេប៉ាល់-ឥណ្ឌា បានអំពាវនាវឲ្យពុទ្ធបរិស័ទចូលរួមដើម្បីចាប់មគ្គផល ដើម្បីជាកុសលក្នុងបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ នៅវត្តខ្មែរលុម្ពិនី ភូមិលុម្ពិនី ស្រុករូបប៉ិនដេល្លី ភាគខាងត្បូង នៃប្រទេសនេប៉ាល់។
ព្រះមហា តែម ម៉ាច បន្តឲ្យដឹងថា ក្នុងការរៀបចំបុណ្យ បញ្ចុះសីមានេះ មានការអញ្ជើញជាអធិបតីពីលោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ។ ដូច្នេះបើពុទ្ធបរិស័ទមានបំណងចូលរួម ក្នុងពិធីបញ្ចុះខណ្ឌសីមាជាប្រវត្តិសាស្ត្រលើទឹកដី ពុទ្ធភូមិ កន្លែងព្រអង្គប្រសូត្រ សូមនិមន្ត អញ្ជើញចុះព្រះនាម ចុះឈ្មោះ ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ និងចេញដំណើរពីថ្ងៃទី២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨។ សូមទំនាក់ទំនងតាមលេខ ទូរស័ព្ទ 017 293 059 និងលេខ 017 474 742។
គួររំលឹកដែរថា កម្មវិធីបុណ្យប្រារព្ធធ្វើ៤ថ្ងៃ ៣យប់ ដោយចាប់ផ្តើមពីថ្ងៃចន្ទ១២-១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦-២៨ ខែកុម្ភៈ គ.ស២០១៨។
ដើម្បីទ្រទ្រង់បុណ្យបញ្ចុះខណ្ឌសីមា វត្តខ្មែរលុម្ពិនី ក្នុងការបោះពុម្ពសៀវភៅ និងថង់យាមសម្រាប់ព្រះសង្ឃចំនួន១០០០អង្គ ដែលនិមន្តមកពី១៨ប្រទេស ទាំងជាតិ និងអន្តរជាតិនោះ ព្រះអង្គ បានអំពាវនាវចូលជាបច្ច័យជួយទ្រទ្រង់ក្នុងការចំណាយ ដោយក្នុងនោះ៖ ថង់យាមចំនួន១០០០ដោយមួយតម្លៃ៤៨០០០រៀល, សៀវភៅចំនួន២០០០ក្បាល ១តម្លៃ ៨០០០រៀល, គោមប្រទីបបូជាពាក់កណ្តាលពុទ្ធសាសនា ចំនួន២៥៦១គោម១តម្លៃ ២០.០០០រៀល និងទង់សាសនា ចំនួន ២៥៦១ទង់ ១តម្លៃ ៤៥០០រៀល ព្រមទាំងថ្លៃចំណាយលើចង្ហាន់ព្រះសង្ឃ និងសមាជិកចូលរួម ចំនួន៤ថ្ងៃ ប្រមាណ ២ម៉ឺនដុល្លារ, ចំណាយលើសេវាកម្មរៀបចំកម្មវិធីបុណ្យ ចំនួន១ម៉ឺនដុល្លារ និងចំណាយផ្សេងៗ ប្រមាណ២ម៉ឺនដុល្លារទៀត។
អាស្រ័យដូចក្រាបបង្គំទូលថ្វាយ ប្រគេន ចំរើនពរ និងជំរាបជូនខាងលើ សូមយាង និមន្ត និងអញ្ជើញ សម្តេច ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទ ក្នុង និងក្រៅប្រទេស មេត្តាចូលរួមចាប់មគ្គផលយកផល្លានិសង្ឃតាមសទ្ឋាជ្រះថ្លារៀងៗខ្លួន៕