(ព្រះសីហនុ)៖ លោកវរសេនីយ៍ឯក ហ៊ីង ច័ន្ទរិទ្ធ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កងកម្លាំងនគរបាលនៅតាមមូលដ្ឋាន បានបន្តឃ្លាំមើលក្តាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ អំពីស្ថានភាពអាកាសធាតុធ្លាក់ខ្យល់កន្ត្រាក់ ដែលធ្វើឲ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋជាពិសេសជនក្រីក្រចាស់ជរាគ្មានទីពឹង។
ជាមួយគ្នានេះកម្លាំងនគរបាលត្រូវចេញអន្តរាគមន៍ជួយពួកគាត់មុនគេ ត្រូវចេញជាកម្លាំងពលកម្ម និងសម្ភារតាមលទ្ធភាព ទៅជួយជួសជុលផ្ទះរបស់ពួកគាត់ជាបន្ទាន់។
លោក ហ៊ីង ច័ន្ទរិទ្ធ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ នគរបាលស្រុកព្រៃនប់ បានជួយជួសជុលផ្ទះប្រជាពលរដ្ឋចាស់ជរា ចំនួន២គ្រួសារបន្ថែមទៀត ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់៖ ម្ចាស់ផ្ទះទី១៖ ឈ្មោះ យ៉ែម ឈួន ភេទស្រី អាយុ៦៧ឆ្នាំ និងម្ចាស់ផ្ទះទី២៖ ឈ្មោះ ស៊ឹម សឿន ភេទស្រី អាយុ៦៦ឆ្នាំ ចាស់ជរាទីទ័លក្រគ្មានទីពឹង។
គួររំលឹកផងដែរ កាលពីម្សិលមិញ កងកម្លាំងនគរបាលស្រុកព្រៃនប់ ក៏បានចុះជួយជួសជុលផ្ទះ ប្រជាពលរដ្ឋក្រីក្រចំនួនពីរគ្រួសារផងដែរ៕