(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានការរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន នាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ នៅតាមមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុកផងដែរ។
សូមបញ្ជាក់ថា មន្ត្រីនគរបាលខេត្តព្រះវិហារ ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្កិ បំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរជូននៅពេលនេះ មានចំនួនសរុប៣៩នាក់ ក្នុងនោះមានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន៣៧នាក់ រួមមាន៖ ថ្នាក់ស្នងការរង២រូប ថ្នាក់នាយកសរិយាល័យ៣រូប ថ្នាក់នាយរងការិយាល័យ៨រូប នាយផ្នែក៥រូប នាយរងផ្នែក៤រូប អធិការរង១១រូប នាយប៉ុស្តិ៍២រូប និងនាយរងប៉ុស្តិ៍១រូបផងដែរ។
ដោយឡែក ការបំពាក់ឋានន្តរស័ក្កិមានចំនួន២០រូប ក្នុងនោះថ្នាក់ឧត្តមសេនីយ៍ទោ១រូប គឺលោកឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ ត្រូវបានបំពាក់ឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ទោ, ថ្នាក់ឧត្តមសេនីយ៍ត្រី១រូប ថ្នាក់វរសេនីយ៍ឯក១រូប ថ្នាក់វរសេនីយ៍ទោ៥រូប ថ្នាក់វរសេនីយ៍ត្រី៥រូប ថ្នាក់អនុសេនីយ៍៥រូប អនុសេនីយ៍ទោ១រូប និងអនុសេនីយ៍ត្រី១រូប បំពាក់គ្រឿងឥស្សរិយយសថ្នាក់សុវត្ថារា និងធិបឌិន១០រូប ថ្នាក់មុន្នីសារាភ័ណ្ឌ និងថ្នាក់សេនា១រូប និងមេដាយការងារ១រូប ប្រគល់បណ្ណ័សរសើរដល់ប៉ុស្តិ៍នគររដ្ឋបាលចំនួន៥ រូប ប្រគល់ប័ណ្ណសរសើរដល់មន្ត្រីនគរបាលជាតិចំនួន៣០រូបផងដែរ។
លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល និងលោក អ៊ុន ចាន់ដា បានសំដែងនូវការអបអរសារទរដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលត្រូវបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល ពីក្រសួងមហាផ្ទៃ និងពីអគ្គស្នងការនគរបាលជាតិ ប្រគល់តួនាទី បំពាក់ឋានន្តរស័ក្កិ បំពាក់គ្រឿងឥស្សរិយយស ប្រគល់ប័ណ្ណសរសើរជូន ជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង ក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ និងជម្រុញឲ្យនាយ និងពលនគរបាលយើងត្រូវខិតខំបន្ថេមទៀតទប់ស្កាត់ការជួញដូរគ្រៀងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍៕