(ភ្នំពេញ)៖ អង្គភាព Fresh News ទើបទទួលបានព័ត៌មានពីអគ្គលេខាធិការអាជ្ញាធរមីននៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះថា អង្គការ UNDP នឹងបង្កើតថវិកាចំនួន២៥ម៉ឺនដុល្លារ បន្ថែមទៀតជូនដល់អង្គភាព CMAC នៅឆ្នាំ២០១៨ តាមរយៈគម្រោងបោសសម្អាត់មីន ដើម្បីលទ្ធផលតំណាក់កាលទី៣ (CFR3) ទៅតាមការស្នើសុំរបស់ទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន និងជានាយកគម្រោងនាពេលកន្លងមកនេះ។
ទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ របស់អង្គការ UNDP ដែលបាននឹងកំពុងខិតខំសម្របសម្រួល ជាមួយប្រទេសម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍន៍ផ្សេង ដើម្បីកៀរគរកថវិកាសម្រាប់បោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅតាមតំបន់ឈមនឹងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ។
ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រីក៏បានឲ្យដឹងទៀត ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា បានបញ្ចប់សង្គ្រាមមានសន្តិភាព ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា នៅតែរងគ្រោះដោយសារសង្គ្រាមនាពេលកន្លងមកនេះ ហើយទេសរដ្ឋមន្ត្រី សូមស្នើសុំឲ្យប្រទេសផ្សេងៗ និងដៃគូរអភិវឌ្ឍន៍ បន្តជួយដល់វិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ឲ្យអស់ពីប្រទេសកម្ពុជា ទៅតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា៕