(ភ្នំពេញ)៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាកម្ពុជា បានថ្លែងថា កម្ពុជាមិនព្រួយបារម្ភពីយុទ្ធនាការស្វែងរកសម្ពាធអន្តរជាតិមកលើកម្ពុជា ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយនោះទេ។ លោក ឈាង វុន ជឿជាក់ថា អន្តរជាតិនឹងផ្តល់យុត្តិធម៌ជូនកម្ពុជា ហើយមិនមែនចាប់យកមនុស្សមួយក្រុម បោះបង់ចោលពលរដ្ឋកម្ពុជា ១៥លាននាក់នោះឡើយ។
លោក ឈាង វុន បានថ្លែងដូច្នេះក្នុងពេលផ្តល់សន្និសីទព័ត៌មានដល់ក្រុមអ្នកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ។ ឆ្លើយនឹងសំណួររបស់ក្រុមអ្នកព័ត៌មានថា តើរដ្ឋសភានឹងមានវិធានការយ៉ាងណា ចំពោះសកម្មភាពនៅក្រៅប្រទេសរបស់ក្រុមអ្នកនយោបាយដែលត្រូវបានតុលាការលុបសិទ្ធិធ្វើនយោបាយរួចហើយនោះ លោក ឈាង វុន បានថ្លែងរូបលោក ក៏ដូចជាកម្ពុជាមិនបារម្ភចំពោះសកម្មទាំងអស់នោះទេ អ្វីដែលបារម្ភ គឺការបោះឆ្នោតនៅឆ្នាំ២០១៨។
លោក ឈាង វុន ក៏បានផ្តាំទៅថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិថា «ខ្មោចដែលងាប់ទៅហើយមិនអាចដាស់មករាំឡាំថូន» វិញនោះឡើយ។
លោក ឈាង វុន បានបញ្ជាក់ដូច្នេះ «គេនឹងឲ្យយុត្តិធម៌មកកម្ពុជា ហើយយើងនៅតែគិតថា ប្រទេសទាំងអស់នៅលើសកលលោកគេមិនដែលទៅចាប់យកមនុស្សមួយក្រុមកញ្ចុំតូច ៤-២០នាក់ ហើយចោលប្រទេសមួយ ១៥លាននាក់ទេ។ អ៊ីចឹងហើយខ្ញុំមិនសូវមានការព្រួយបារម្ភទេរឿងហ្នឹង យើងព្រួយបារម្ភថា តើយើងត្រូវធ្វើយ៉ាងម៉េចបង្ហាញពីឆន្ទៈរបស់យើងពិតប្រាកដក្នុងការបោះឆ្នោតឆ្នាំក្រោយពីរដងនេះ ដើម្បីបញ្ជាក់ថា កម្ពុជានៅលើផ្លូវនៃលទ្ធិប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យ គឺការបោះឆ្នោតហ្នឹងហើយ ផ្តល់វេទិកាជូនប្រជាពលរដ្ឋ ជូនរាស្ត្រជ្រើសរើសមេដឹកនាំហ្នឹងហើយជាប្រជាធិបតេយ្យ»។
ក្នុងសន្និសីទនោះ លោក ឈាង វុន បានគូសបញ្ជាក់ដែរថា ការចាត់វិធានការផ្លូវច្បាប់ចំពោះគណបក្សសង្គ្រោះជាតិ ក៏ដូចជាថ្នាក់ដឹកនាំបក្សនេះ គឺដើម្បីរក្សាសុខសន្តិភាព ដែលកម្ពុជារកបានមកដោយលំបាក និងដើម្បីរក្សាបានសេចក្តីសុខជូនប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិ។
លោក ឈាង វុន ក៏បានលើបង្ហាញដែរថា រាល់បុគ្គលដែលឃុបឃិតបរទេសបំផ្លាញប្រយោជន៍ជាតិ គឺត្រូវតែប្រឈមផ្លូវច្បាប់ ហើយការអនុវត្តន៍វិធានការបែបនេះ ក៏កំពុងអនុវត្តន៍នៅអូស្ត្រាលី និងសហរដ្ឋអាមេរិកផងដែរ៕