(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយតំណាងកម្មករ-កម្មការិនី នាព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ គ.ស២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញដល់ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ខិតខំប្រឹងប្រែងតបណ្ដាញអគ្គិសនី និងប្រព័ន្ធទឹកដល់បន្ទប់ជួលរបស់កម្មករ ដើម្បីទទួលបានតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាល។ (សូមទស្សនាវិដេអូប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន)
នៅចំពោះមុខកម្មករ-កម្មការិនី ១៦,១១៨នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ទាំងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងរ៉ែ និងថាមពល តាមរយៈក្រុមហ៊ុនអគ្គិសនីកម្ពុជា ត្រូវខិតខំតបណ្ដាញអគ្គិសនី និងប្រព័ន្ធទឹកតទៅទៀត នៅតាមផ្ទះជួលនានាដែលនៅឆ្ងាយ»។
សម្ដេចបានថ្លែងបន្តថា បច្ចុប្បន្ន ថ្លៃទឹក ៨០០ ក្នុងមួយម៉ែត្រគូប ឯថ្លៃភ្លើ ៤៨០ ក្នុងមួយគីឡូវ៉ាត់ម៉ោង ចំណែកថ្លៃផ្ទះជួល សម្ដេចតេជោបានអំពាវនាវដល់ម្ចាស់ផ្ទះជួល សូមកុំដំឡើងថ្លៃផ្ទះជួលរបស់ខ្លួន ដើម្បីឲ្យកម្មករ-កម្មការិនីទទួលបានប្រាក់ចំណូលច្រើនជាងឆ្នាំមុនៗ។
ការថ្លែងរបស់សម្ដេចតេជោ ត្រូវបានធ្វើឡើងខណៈកម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បាននិងកំពុងទទួលបានប្រាក់ឈ្នួលអប្បបរមា ១៥៣ដុល្លារអាមេរិក ក្នុងមួយខែ ក្នុងឆ្នាំ២០១៧នេះ ហើយចាប់ពីខែមករា ឆ្នាំ២០១៨ ខាងមុខ កម្មករ-កម្មការិនីក្នុងវិស័យដដែល នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារអាមេរិក ក្នុងមួយខែ ចំណែកម្ចាស់ផ្ទះជួលមួយចំនួន ក៏ចង់ដំឡើងថ្លៃផ្ទះជួលរបស់ខ្លួនដែរ ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន លើកឡើងនូវការអំពាវនាវទប់ស្កាត់យ៉ាងដូច្នេះ៕