(ប៊ិញភឿក, វៀតណាម)៖ គណៈកម្មាធិការសម្របសម្រួលចម្រុះសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានបើកកិច្ចប្រជុំលើកទី១១ ដើម្បីពិនិត្យសមិទ្ធផលដែលសម្រេចបាន ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនឲ្យបានកាន់តែប្រសើរថែមទៀត។

កិច្ចប្រជុំបានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការបក្សខេត្តប៊ិញភឿក ប្រទេសវៀតណាម។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមគណៈអធិបតី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងជាប្រធាន JCC កម្ពុជា, លោកបណ្ឌិត Souphanh KEOMIXAY រដ្ឋមន្ត្រីផែនការ និងវិនិយោគ និងជាប្រធាន JCC ឡាវ និងលោក NGUYEN Chi Dung រដ្ឋមន្ត្រីផែនការ និងវិនិយោគ និងជាប្រធាន JCC វៀតណាម។

សមាសភាពចូលរួមកិច្ចប្រជុំនេះរួមមាន៖ ឧត្តមមន្ត្រី (SOM Leaders) ប្រធាន អនុប្រធាន និងសមាជិកនៃអនុគណៈកម្មការទាំងបួននៃ CLV DTA របស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា កិច្ចប្រជុំ CLV JCC បានផ្តល់ឱកាសឲ្យពិនិត្យមើលឡើងវិញនូវការប្តេជ្ញាចិត្ត និងវឌ្ឍនភាពទាំងឡាយ ដែលបានអនុវត្តនាពេលកន្លងមក ស្របតាមស្មារតីនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រីបន្តថា ការប្តេជ្ញាចិត្តនេះ សំដៅឆ្ពោះទៅរកទំនាក់ទំនងល្អជាប្រពៃណី និងជាប្រទេសជិតខាងគ្នាដ៏ល្អ ដែលតែងតែចែករំលែកផលប្រយោជន៍ទៅវិញទៅមក នៅក្នុងចំណោមប្រទេស និងប្រជាជននៃប្រទេសទាំងបី។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា កិច្ចប្រជុំ CLV JCC មិនគ្រាន់តែពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងនៅក្រោមក្របខណ្ឌ CLV DTA ដែលបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់ ដែលប្រទេសនីមួយៗផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអនុតំបន់ប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយការតភ្ជាប់អាស៊ាន និងពង្រឹងសហគមន៍អាស៊ាន ជាពិសេសកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ព្រមទាំងលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនយើងផងដែរ។

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១១ បានអនុម័តយល់ព្រមលើសំណូមពររបស់កិច្ចប្រជុំឧត្តមមន្ត្រី ដូចខាងក្រោម ៖

ទី១៖ ភាគីទាំងបីគួរបង្កើតផែនការសកម្មភាព ស្ដីពីការអនុវត្តផែនការមេ ២០១០-២០២០ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុង CLV DTA។

ទី២៖ កិច្ចប្រជុំកត់សម្គាល់ការខិតខំប្រឹងប្រែងនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ដែលបានសហការជាមួយប្រទេសកម្ពុជា និងឡាវ (ជាពិសេស ក្នុងន័យផ្តល់ជូនទិន្នន័យ និងព័ត៌មាន) ដើម្បីឈានដល់ការបញ្ចប់ផែនការអភិវឌ្ឍន៍វិស័យដំណាំកៅស៊ូ CLV DTA និងស្នើភាគីទាំងអស់ធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តផែនការនេះ។

ទី៣៖ កិច្ចប្រជុំបានស្នើ ភាគីកម្ពុជាពន្លឿនបែបបទនីតិវិធីផ្ទៃក្នុង ដើម្បីឲ្យកិច្ចព្រមព្រៀងជំរុញ និងកិច្ចសម្រួលពាណិជ្ជកម្ម សម្រាប់ CLV DTA ចូលជាធរមាន និងលើកទឹកចិត្តដល់ភាគីទាំងបី ឲ្យសហការគ្នាក្នុងការបង្កើតផែនការ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនេះ

ទី៤៖ រដ្ឋមន្ត្រីទាំងបី បានប្រគល់ភារកិច្ចជូន ក្រុមការងារវៀតណាម ធ្វើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ សម្រាប់ CLV DTA ដោយមានកិច្ចសហប្រតិបត្តិការពី ភាគីកម្ពុជា និងឡាវ

ទី៥៖ កិច្ចប្រជុំបានកត់សម្គាល់នូវភាពចាំបាច់ក្នុងការធ្វើឲ្យ គេហទំព័រ CLV DTA ដំណើរការទៅដោយរលូន ដើម្បីជម្រុញការវិនិយោគ ហើយក៏បានស្នើឲ្យ ក្រុមការងារបច្ចេកទេសទទួលបន្ទុកគេហទំព័រ CLV DTA ដោះស្រាយបញ្ហាលំបាកក្នុងការបង្ហោះព័ត៌មានទៅក្នុងគេហទំព័រ។ រីឯភ្នាក់ងារ និងខេត្តដែលពាក់ព័ន្ធនៃប្រទេសទាំងបី ត្រូវផ្តល់ព័ត៌មានថ្មីៗ ឲ្យបានទៀតទាត់។

និងទី៦៖ រដ្ឋមន្ត្រីទាំងបី បានកត់សម្គាល់ផងដែរ នូវក្រុមការងារបច្ចេកទេសនៃប្រទេស CLV ដែលបានខិតខំប្រឹងប្រែង ពិភាក្សាស្វែងរកនូវចំណុចរួម ដើម្បីឈានទៅរកការឯកភាព លើសេចក្ដីព្រាងស្ដីពី ផែនការសកម្មភាព សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ២០៣០។