(ភ្នំពេញ)៖ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសួរចម្លើយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ រយៈពេល២ថ្ងៃបន្តបន្ទាប់ទៀត។ ការសួរចម្លើយនេះ នឹងធ្វើឡើងនៅក្នុងពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០១៧។ នេះបើតាមការបញ្ជាក់ពីមន្រ្តីតុលាការ។
មន្រ្តីតុលាការក្រុងភ្នំពេញ បាននិយាយថា ការសួរចម្លើយនេះ គឺសាកសួរបន្ត បន្ទាប់ពីការសួរចម្លើយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ មិនទាន់បញ្ចប់។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។
លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស » តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៕